កូនខ្មែរដឹងឬនៅ? ប្រវត្តិរឿង “កូរសមុទ្រទឹកដោះ” ដ៏ល្បីល្បាញមានឆ្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត!
រឿងកូរសមុទ្រទឹកដោះឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត មានបណ្តោយ ៤៩ម៉ែត្រ និងកម្ពស់ ២ម៉ែត្រ ចម្លាក់នោះមាន រូបក្រុមអសុរៈ(យក្ស ) នៅខាងឆ្វេងដៃ ចំនួន ៩២ អង្គ និងរូបក្រុមទេវៈនៅខាងស្តាំដៃ ចំនួន៨៨អង្គ។ នៅខ្លោង ទ្វារចូលអង្គរធំ បុរាណខ្មែរយើងឆ្លាក់រឿងនេះ មានធ្វើអសុរៈ និង ទេវតា ធ្វើមុខមាត់សំបើមៗ សុទ្ធតែប្រឹង រាងក្រអឺតៗ ទាញព្រ័តនាគនៅគ្រប់ទ្វារចូលអង្គរធំ។ កាលនោះ អសុរៈ និង ទេវតា យកនាគ វសុកិ ជាព្រ័ត្រយកភ្នំមន្ទរជាស្នូល យកអណ្តើកអវតានៃព្រះនរាយណ៍ជាអ្នកទ្រភ្នំមន្ទរៈ ហើយបបួលគ្នាកូរសមុទ្រទឹកដោះយកទឹកអម្រិត តាមយើងដឹងសព្វថ្ងៃថា អសុរ និង ទេវតាទាញព្រ័ត្រ។ ការកូរសមុទ្រទឹកដោះនេះ ប្រើថិរវេលាអស់វារៈ កំណត់១០០០ ឆ្នាំ ទើបបានទឹកអម្រិត។
មានរឿងដំណាលថា៖
នៅពេលនោះក្នុងនាមជាស្តេចនៃពួកទានព ដែលប្រឆាំងនឹងពួកទេវលោក មហាពលីបានចាញ់សង្គ្រាមហើយរត់ទៅពឹង សុក្រឆរ្យៈ ដែលធ្លាប់ត្រូវព្រះឥន្ទ្រ និង បក្សពួកប្រមាថមើលងាយ។ សុក្រចរិយា ក៏យល់ព្រមចងសម្ព័ន្ធមិត្រជាមួយពួកទានព។ កាលកេតុក៏ធ្វើសង្គ្រាមនឹងព្រះឥន្ទ្រ តែពេលនោះ កាលកេតុចាញ់សង្គ្រាម។ ព្រះឥន្ទ្រក៏ទទួលបានជ័យជម្នះ ហើយមានអំនួតនឹងខ្លួនឯងជាខ្លាំង។
មានកាលមួយនោះព្រះឥន្ទ្រ ជិះដំរីឰរវ័ត កាត់អ្នកសច្ចំម្នាក់ឈ្មោះថា ទុរពាស។ ទុរពាស បានជូនកម្រងផ្កាពិសេសមួយដល់ព្រះឥន្ទ្រ។ ព្រះឥន្ទ្រក៏ទទួលយកកម្រងផ្ការបស់ទុរពាស តែព្រះឥន្ទ្រយកទៅដាក់នៅលើប្រមោយដំរី។ ដំរីមិនអាចទ្រាំនឹងក្លិនផ្កានោះបាន ក៏ក្រវាត់កម្រងផ្កាចោលទៅលើដី។ អ្នកសច្ចំនោះក៏ខឹងយ៉ាងខ្លាំង ព្រោះថាកម្រងផ្កាជាគ្រឿងសិរីសួស្តី គួរតែគេគោរពដូចជាប្រាសាទ។ សច្ចំទុរពាស ក៏ជេរដាក់បណ្តាសាព្រះឥន្ទ្រ អោយរលាយអស់សីល មហិទ្ធិរិទ្ធទាំងឡាយ។ ព្រះឥន្ទ្រគង់លើដំរីឰរវ័ត រូបចម្លាក់នៅប្រាសាទបន្ទាយស្រី។
កាលកេតុ និង មហាពលី រួមគ្នានឹង សុក្រឆរ្យៈ ធ្វើសង្គ្រាមនឹងព្រះឥន្ទ្រ។ សុក្រឆរ្យៈ រត់ទៅពឹងព្រះសិវៈ សុំ សំជីវិនមន្ត្រ ដែលអាចប្រស់អ្នកស្លាប់អោយរស់វិញបាន។ ព្រះឥន្ទ្រក៏ទៅសុំមន្ត្រៈនេះពីព្រះសិវៈដែរ។ សុក្រឆរ្យៈ ត្រូវព្រះសិវៈប្រាប់អោយធ្វើតបៈ រយៈពេលមួយឆ្នាំ ដោយអត់អាហារ ដាំក្បាលចុះក្រោម ទើបអាចទទួលនូវមន្ត្រនេះបាន។ ព្រះឥន្ទ្រគិតថាខ្លួនមិនអាចធ្វើបាន។
កាលកេតុ និង មហាពលី ក៏សុំ សុក្រឆរ្យៈ លះបង់នូវតបៈនេះ ព្រោះអាចធ្វើអោយគាត់គ្រោះថ្នាក់ដល់ជីវិតបាន តែសុក្រចរិយាមិនស្តាប់តាមអ្នកទាំងពីរនាក់នេះឡើយ។ គាត់បានព្យូរខ្លួនគាត់លើដើមឈើមួយដើមដោយដាំក្បាលចុះក្រោម ហើយនៅពីក្រោមគាត់បានដុតមែកឈើចាស់បង្កើតជាផ្សែងដែលហុយមកកាត់មុខរបស់គាត់។ ព្រះម៉ែធរណីនិយាយថា “មានតែអ្នកដែលអាចប្រឈមនឹងការសាកល្បងបានតែប៉ុណ្ណោះ ដែលអាចប្រឈមនឹងជ័យជម្នះបាន។” ព្រះវិស្ណុបានកោតសរសើរសុក្រឆរ្យៈជាខ្លាំង ព្រោះតែក្តីតាំងចិត្តរបស់គាត់ ហើយបរិមាណនៃទម្ងន់ការងារដែលគាត់បានធ្វើ ដើម្បីសំរេចអ្វីដែលគាត់ចង់បាន។
នរទៈ ក៏ទៅជួបនឹងព្រះឥន្ទ្រ ដែលកំពុងតែជឿជាក់ថា សុក្រឆរ្យៈប្រាកដជាមិនអាចសំរេចតាមប្រាថ្នាឡើយ ហើយប្រាប់ព្រះឥន្ទ្រថា សុក្រឆរ្យៈ ប្រាកដជាបានសំរេចតាមប្រាថ្នា។ ពេលនោះព្រះឥន្ទ្រមានការភិតភ័យ។ នរទៈ ក៏ទៅជួបនឹងនាងលក្ស្ម៊ី ហើយប្រាប់ថា “រឿងខ្លះបើទោះជាមិនមែនជារឿងពិតតែជារឿងដែលល្អនឹងស្តាប់ រឿងខ្លះបើទោះជារឿងពិតក៏នៅតែជារឿងមិនគួរស្តាប់។” ម្តាយរបស់ សុក្រឆរ្យៈក៏ទៅជួបនឹង សុក្រឆរ្យៈ ហើយនិយាយលើកទឹកចិត្តកូនរបស់គាត់។ ព្រះវិស្ណុឃើញបែបនេះ ទ្រង់មានការកោតសរសើរ ដោយទ្រង់ចាត់ទុកថា ទំនាក់ទំនងម្តាយនិងកូន ជាគ្រឿងដែលគួរជាទីពេញចិត្តបំផុត និង គ្រប់គ្រាន់បំផុត។ ទ្រង់ក៏នមស្ការអស់អ្នកម្តាយបែបនេះ ព្រោះពួកគេចេះចែករំលែកនូវទុក្ខជាមួយកូនៗ។
ព្រះឥន្ទ្រ ឆ្លេឆ្លា ក៏ពឹងស្រីអប្សារាបីនាក់ ទៅជួបនឹង សុក្រឆរ្យៈ ដើម្បីរំខានតបៈរបស់គាត់។ តែពួកទេពអប្សរបដិសេធ ដោយចាញ់បារមីរបស់សុក្រចរិយា។ នៅពេលនោះ កូនស្រីរបស់ព្រះឥន្ទ្រ ទ្រង់នាម ជ័យន្ធី ចេញមក ហើយនិយាយថា “ស្ត្រីមិនគួរយកមកធ្វើប្រើដូចជាភាពទន់ខ្សោយរបស់បុរសទេ ព្រោះស្ត្រីនៅទីនេះដើម្បីជាកម្លាំងចិត្តរបស់បុរសទៅវិញ។ ស្ត្រីមិនមែនសម្រាប់តែកាមតណ្ហាតែមួយមុខប៉ុណ្ណោះ។ ស្ត្រីត្រូវបានបង្កើតមកដើម្បីទាក់ទាញការចាប់អារម្មណ៍របស់បុរស ដើម្បីបង្កើតនូវចំណងស្នេហារវាងបុរសនិងនារី ហើយគឺដោយសារហេតុផលនេះហើយ ដែលស្ត្រីត្រូវធ្វើខ្លួនជាអប្សារា។”
តែទោះយ៉ាងណា នាងក៏ស្ម័គ្រខ្លួនដើម្បីទៅរំខានពិធីតបៈរបស់សុក្រឆរ្យៈ។ នាងលក្ស្ម៊ី មានសេចក្តីតានតឹងក្នុងចិត្ត ត្បិតឆាកល្ខោនរបស់នាងជ័យន្ធីហាក់ដូចជាមិនមានប្រយោជន៍អ្វីទាំងអស់ ព្រោះនាងមិនអាចធ្វើបានសំរេចទេ។ ព្រះវិស្ណុនិយាយថា “វាពិបាកណាស់ ដែលនឹងកំណត់ពីជ័យជម្នះ និងបរាជ័យ ព្រោះពេលខ្លះ អ្នកខ្លះឈ្នះដោយសុខចិត្តចាញ់ អ្នកខ្លះចាញ់ព្រោះតែឈ្នះ។” ជ័យន្ធីទៅជិតសុក្រឆរ្យៈ ដោយបន្លំខ្លួន ធ្វើជាមានបំណងល្អ។ តែតាមពិតនាងបានដាក់ម្ទេសក្នុងគំនរឧសដែលដុតបង្ហុយ ដែលធ្វើអោយផ្សែងកាន់តែហឹរឡើង មិនអាចដកដង្ហើមបាន ឬក៏ទៅក្បែរបាន។ សុក្រឆរ្យៈពិបាកទ្រាំជាខ្លាំង តែនៅតែព្យាយាមតាំងខ្លួនក្បាលចុះក្រោម។ នេះជាបទឧក្រិដ្ឋដែលនាងជ័យន្ធីបានប្រព្រឹត្ត ដែលនាងគួរតែទទួលផលអាក្រក់វិញនៅពេលក្រោយមកទៀត។
ផ្សែងដែលមានក្លិនហឹរ ក្តៅ មិនអាចដកដង្ហើមបានបន្តហុយទ្រលោម។ សុក្រឆរ្យៈបន្តរងនូវទុក្ខវេទនា។ បន្តិចក្រោយមក គាត់ក៏ចេញឈាមតាមច្រមុះ មាត់ និង ភ្នែក។ ជ័យន្ធីភ័យស្លន់ស្លោចំពោះទង្វើរបស់ខ្លួន។ នាងក៏ព្យាយាមពន្លត់ភ្លើងនោះវិញ ប៉ុន្តែមហាពលី និង កាលកេតុ បានចាប់នាងបោះចេញពីទីនោះ រួចពួកគេក៏ព្យាយាមពន្លត់ភ្លើងនោះ តែត្រូវសុក្រឆរ្យៈហាមប្រាម។ ជ័យន្ធីកើតទុក្ខ។ នាងស្គាល់ពីទង្វើឆ្កូតលីលារបស់ខ្លួន ហើយស្តាយក្រោយ ហើយអង្វរព្រះសិវអោយជួយសង្គ្រោះសុក្រឆរ្យៈ។
ព្រះសីវៈក៏សង្គ្រោះសុក្រឆរ្យៈភ្លាមៗ ហើយបង្គាប់អោយសុក្រឆរ្យៈឈប់ធ្វើតបៈបន្តទៀត ព្រោះទ្រង់សំរេចចិត្តថា សុក្រឆរ្យៈ ជាអ្នកដែលគួរទទួលនូវសំជីវិនមន្ត្រនេះ ដោយព្រះឥន្ទ្រប្រើមធ្យោបាយមិនយុត្តិធម៌។ ដូច្នេះព្រះសីវៈក៏ប្រគល់សំជីវិនមន្ត្រដល់សុក្រឆរ្យៈ។ សុក្រឆរ្យៈមានសេចក្តីត្រេកអរជាខ្លាំង។ វាក៏សម្លាប់មហាពលី រួចក៏ប្រស់អោយរស់ឡើងវិញ ដោយប្រើសំជីវិនមន្ត្រ ដើម្បីជាការល្បងមើល។
ក្នុងពេលប្រារព្វនូវជ័យជម្នះរបស់គាត់ ជ័យន្ធី បានសុំទោសសុក្រឆរ្យៈ ដោយសុំតាមបម្រើគាត់មួយជីវិត សុខចិត្តធ្វើជាភរិយារបស់គាត់ ដោយសារតែបទឧក្រិដ្ឋដែលនាងបានធ្វើដាក់គាត់ ដើម្បីអោយនាងអស់ចិត្តនិងស្ងប់ចិត្តដោយសារតែកំហុសរបស់ខ្លួន។ សុក្រឆរ្យៈស្រឡាំងកាំង។ តើបុត្រីទេវមករៀបការនឹងទានពយ៉ាងម៉េចនឹងកើត?។ ជ័យន្ធី និយាយថា វាដូចគ្នានឹងបុរសម្នាក់រៀបការនឹងស្ត្រីម្នាក់ជាធម្មតាតែប៉ុណ្ណោះ។ នាងអង្វរអោយសុក្រឆរ្យៈយល់ព្រម។ សុក្រឆរ្យៈវង្វេងស៊ុង។គាត់ប្រាប់នាងពីឋានៈរបស់នាង ហើយប្រាប់ពីគម្រោងការរបស់គាត់ក្នុងការធ្វើសង្គ្រាមនឹងបិតារបស់នាង ហើយថាគោលបំណងរបស់នាងគឺការរំខានដល់តបៈរបស់គាត់នោះ គ្រាន់តែជាលទ្ធនៃសេចក្តីស្នេហារវាងឪពុកនិងកូនតែប៉ុណ្ណោះ វាមិនមែនជាបទឧក្រិដ្ឋអីធ្ងន់ធ្ងរនោះទេ ហើយថានាងអាចចាកចេញត្រឡប់ទៅវិញដោយមិនបាច់ទទួលទោសអ្វីទាំងអស់។ តែនាងជ័យន្ធីមិនកែប្រែសេចក្តីសំរេចចិត្តឡើយ។ សុក្រឆរ្យៈក៏យល់ស្របតាមនាង។
ព្រះឥន្ទ្រស្រឡាំងកាំងដោយកូនស្រីរបស់ខ្លួនរៀបការនឹងទានពម្នាក់។ ប៉ុន្តែមហេសីព្រះឥន្ទ្រជំទាស់នឹងព្រះឥន្ទ្រ ព្រោះព្រះឥន្ទ្រខ្លួនឯងក៏រៀបការនឹង បុត្រីទានពដែរ (ខ្លួននាង) ដូច្នេះគ្មានអ្វីចោទទេ ដែលទានពម្នាក់រៀបការនឹងបុត្រីទេវនោះ។ ព្រះឥន្ទ្រក៏ដាក់មុខចុះ។ សុក្រឆរ្យៈក៏ប្រកាសសង្គ្រាម។ ព្រះឥន្ទ្រក៏ប្រកាសសង្គ្រាម។ ជ័យន្ធី ជាអ្នកចាញ់ បើទោះជាខាងណាចាញ់ក៏ដោយ។ ដូច្នេះនាងក៏ស្នើសុំសេចក្តីសម្របសម្រួល តែសុក្រឆរ្យៈបដិសេធ។ ដូច្នេះនាងក៏ឈរនៅខាងគាត់ ដោយនាងជាភរិយារបស់គាត់ ដែលជាទីមួយសមគួរជាងឪពុកនាង។
សង្គ្រាមក៏ចាប់ផ្តើម។ រាល់លើក ពេលដែលទ័ពរបស់ព្រះឥន្ទ្រសម្លាប់ពួកទានពបានម្នាក់ សុក្រឆរ្យៈ ប្រោះអោយរស់ឡើងវិញ ដោយប្រើសំជីវិនមន្ត្រ។ ភ្លើងសង្គ្រាមក៏ឆេះសន្ធោសន្ធៅឡើង។ ព្រះឥន្ទ្រមើលឃើញ បរាជ័យរបស់ខ្លួន ក៏រត់ភៀសខ្លួនជាមួយនិងទាហានរបស់ខ្លួន។ ពួកទានពប្រារព្វពិធីជ័យជម្នះ។ ព្រះឥន្ទ្រនិងបក្សពួក ព្រួយបារម្ភពីដំណោះស្រាយតទល់នឹងសំជីវិនមន្រ្ត។ ដូច្នេះព្រះឥន្ទ្រនិងបរិវាក៏ទៅពឹងពាក់ព្រះវិស្ណុ ដែលនៅពេលនោះព្រះវិស្ណុប្រាប់ថាដំណោះស្រាយតបនឹងសំជីវិនមន្ត្រគឺទឹកអម្រឹត។
សំជីវិនមន្ត្រអាចប្រោះអោយរស់វិញបាន តែទឹកអម្រឹតដែលអាចធ្វើអោយមានជីវិតអមតៈ មានការព្រួយបារម្ភតិច និង សប្បាយច្រើន។ ប៉ុន្តែដើម្បីទទួលបានទឹកអម្រឹត គេត្រូវកូរសមុទ្រ ដូចកូរទឹកដោះបានមកជាប៊័រ។ ដើម្បីកូរទឹកសមុទ្រគេត្រូវការជ្រលងធំមួយ បើគ្រាន់តែទឹកដោះគេត្រូវការដៃពីរ នោះ ដើម្បីកូរទឹកសមុទ្រគេត្រូវការក្រុមធំៗពីរ។ ដូច្នេះព្រះវិស្ណុ ស្នើអោយព្រះឥន្ទ្រចងសម្ព័ន្ធភាពនឹងពួកទានព ដើម្បីបង្កើតជាក្រុម តែព្រះវិស្ណុធានាថា ពួកទានពនឹងមិនអាចទទួលបានទឹកអម្រឹតនោះទេ។
ដូច្នេះព្រះឥន្ទ្រក៏ទៅជួបនឹងពួកទានព ដើម្បីសុំជំនួយកូរសមុទ្រយកទឹកអម្រឹត។ សុក្រឆរ្យៈ សង្ស័យ ហើយបញ្ចេញហេតុផលថា ភ្លើងនិងទឹកមិនអាចធ្វើការជាមួយគ្នាបានទេ។ ប៉ុន្តែពេលដែលព្រះឥន្ទ្រសួរថា បើសុក្រឆរ្យខ្លួនឯងស្លាប់ តើបាននរណាប្រោះអោយរស់ឡើងវិញ។ សុក្រឆរ្យនិយាយមិនចេញ។ បើទោះជាសុក្រឆរ្យសង្ស័យពីល្បិចកល គាត់ដឹងច្បាស់ថាបើគាត់ស្លាប់ ពួកទានពទាំងអស់ក៏នឹងស្លាប់ដែរ។ ដូច្នេះ ក៏យល់ព្រមកូរទឹកសមុទ្រយកទឹកអម្រឹត ជាមួយពួកទេវលោក។ ព្រះវិស្ណុពេញចិត្តនឹងវិធីរបស់ព្រះឥន្ទ្រដែលអាចជម្នះសុក្រឆរ្យអោយចូលរួមកូរសមុទ្រយកទឹកអម្រឹតបាន។ ព្រះវិស្ណុក៏ហៅបក្សីរាជមកគាល់ ហើយសុំអោយបក្សីរាជជញ្ជូនភ្នំមន្ទរៈ។
បក្សីរាជ ក៏ធ្វើដំណើរទៅជាមួយស្តេចពស់វសុកិ។ នៅពេលដែលពួកគេទៅដល់ភ្នំមន្ទរៈ វាសុកិ ក៏រុំព័ទ្ធភ្នំ រួចហើយបក្សីរាជក៏ហោះយោងភ្នំនោះបន្ទាប់ពី សុតារស័នចក្ររបស់ព្រះវិស្ណុបានកាត់ផ្តាច់ភ្នំនោះរួចមក។ បក្សីរាជ និង វសុកិបានយកភ្នំនោះមកដាក់នៅមាត់សមុទ្រដែលពួកទានពនិងទេវតាកំពុងតែរង់ចាំ។
វិស្ណុក៏ហៅនរទ មកជួយដោះស្រាយបញ្ហាបន្តិចបន្តួច។ នៅពេលកូរសមុទ្រ ភ្លើងបានកើតចេញពីមាត់របស់វសុកិ ដូច្នេះគេត្រូវប្រុងប្រយ័ត្នពេលកាន់វសុកិ នៅពេលនោះទេវតាមិនមែនជាអ្នកកាន់ខាងក្បាលទេ។ នរទធានាចំពោះមុខព្រះវិស្ណុថា គាត់នឹងទទួលខុសត្រូវលើបញ្ហានេះ។ ប្រាកដណាស់ នៅលើមាត់ឆ្នេរជម្លោះបានកើតឡើង ដោយសារតែរឿងខាងណាត្រូវនៅខាងក្បាល ខាងណាត្រូវនៅខាងកន្ទុយពស់។ នរទប្រាប់ថា អ្នកដែលខ្លាំងជាងគេ ត្រូវនៅខាងក្បាល។ គាត់និយាយប្រាប់ពួកទានពថា ពួកទេវតាជាអ្នកខ្លាំងជាង។
ប៉ុន្តែពួកទានព និយាយថា ក្នុងសង្គ្រាមលើកក្រោយបង្អស់ គឺពួកទានពដែលជាអ្នកឈ្នះ មិនមែនពួកទេវតាទេ ដូច្នេះពួកគេជាអ្នកខ្លាំងពូកែជាង។ ដូច្នេះនរទក៏យល់ព្រម ហើយបង្គាប់ពួកទេវតាអោយកាន់ខាងកន្ទុយ រីឯពួកទានពកាន់ខាងក្បាល។ ពួកទេវតាក៏យល់ព្រម។ សុក្រឆរ្យខឹងយ៉ាងខ្លាំង។ គាត់ស្គាល់អំពីភ្លើង។ ដូច្នេះគាត់ក៏បន្ទោសខ្លួនឯងដែលមិនបាននៅកន្លែងពេលនោះ ហើយបន្ទោសពួកទានពដែលល្ងង់ខ្លៅចាញ់បោក ការបញ្ជោរពីនរទ។ ប៉ុន្តែពួកទានពបានសំរេចចិត្តរួចស្រេចទៅហើយ មិនអាចកែប្រែវិញបានឡើយ។ ដូច្នេះ សុក្រឆរ្យៈក៏បញ្ជូនគ្នាគាត់ម្នាក់ទៅបន្លំនឹងពួកទេវតាដើម្បីកុំអោយចាញ់បោកពួកទេវតាទៀត។
អ្វីៗគ្រប់យ៉ាងបានរៀបចំជាស្រេច ព្រះឥន្ទ្រក៏សុំអោយបក្សីរាជលើកភ្នំមន្ទរៈមកដាក់ក្នុងសមុទ្រ ដើម្បីអោយពួកគេកូរសមុទ្រ។ បក្សីរាជដោយមាន វសុកិ ជាជំនួយបានលើកភ្នំមន្ទរៈមកដាក់ក្នុងសមុទ្រ តែដោយសារសមុទ្រជ្រៅពេក ភ្នំក៏លិចចូលក្នុងសមុទ្រ។ ពួកគេមិនអាចកូរទឹកសមុទ្របាន បើភ្នំនេះមិនអាចដាក់ក្នុងសមុទ្រដោយមិនលិចបានទេ។ ពួកទានពព្រមានថានឹងលះបង់បេសកម្មដែលមិនអាចនេះ។ ព្រះឥន្ទ្រនិយាយថា បញ្ហានេះអាចដោះស្រាយបាន នៅពេលដែលគេត្រូវការវត្ថុធំសម្បើមដូចជាទឹកអម្រឹតនោះ។ គាត់និងពួកទេវតា បានហៅព្រះវិស្ណុជួយដោះស្រាយបញ្ហានេះ។
អវតារ កូម៌
ព្រះវិស្ណុប្រាប់នាងលក្ស្ម៊ីថា ទ្រង់ត្រូវយាងចេញទៅផែនដី។ តែនាងលក្ស្ម៊ី រំលឹកថា ទ្រង់គួរតែធ្វើបែបនេះ តែនៅពេលដែលពួកមាណព (មនុស្ស) មានគ្រោះថ្នាក់តែប៉ុណ្ណោះ។ ព្រះវិស្ណុក៏ពន្យល់ថា បើសិនជាពួកទានពឈ្នះ នោះវាច្បាស់ជាមានគ្រោះថ្នាក់ដល់ពួកមាណពមិនខាន ដើម្បីកុំអោយរឿងបែបនេះកើតឡើងបាន ទ្រង់ត្រូវតែយាងចេញទៅ។ នាងក៏សួរថា ចុះនាងវិញ?។ នាងមិនអាចរស់នៅបែកគ្នាពីព្រះវិស្ណុបានទេ។ ព្រះវិស្ណុធានាថា ការវិលមកជួបគ្នាវិញ បន្ទាប់បីបែកគ្នា ជារឿងដែលគួរអោយរំភើបបំផុត ការជួបគ្នាលើកនេះពិតជាមហាអស្ចារ្យណាស់។ គាត់និយាយថា ទោះបីជានាងលេចមកជាមួយដោយការកូរសមុទ្រទឹកដោះ សម្រាប់គាត់ នាងមានតម្លៃជាងទឹកអម្រឹតទៅទៀត ព្រោះទឹកអម្រឹតសម្រាប់ទេវតា រីឯនាងវិញ នាងពោរពេញទៅដោយសេចក្តីស្រឡាញ់ និងជាម្តាយនៃសេចក្តីស្រឡាញ់ ជាវត្ថុតែមួយគត់ដែលឱបក្រសោបលោកនេះអោយនៅតែមួយ។ ដូច្នេះទ្រង់ក៏កោតសរសើរនាងដែលមានលក្ខណៈយ៉ាងដូច្នេះ ហើយសុំអោយនាងទុកចិត្តលើទ្រង់ពេលដែលទ្រង់ចុះទៅផែនដីជាអណ្តើក។ ដូច្នេះអវតារជាអណ្តើកកូម៌ក៏ចាប់ផ្តើម។ វិស្ណុ ជាអណ្តើក ប្រាប់ព្រះឥន្ទ្រថា គាត់នឹងជួយទ្រភ្នំមន្តរៈ លើខ្នង ក្រោមសមុទ្រ នៅពេលដែលកូរវឹកទឹកសមុទ្រនោះ។ អ្នកទាំងអស់គ្នាសប្បាយរីករាយ។ អណ្តើកបំពេញតួនាទីរបស់ខ្លួន។ ក្បាល វាសុកិ បានមកខាងពួកទានព។ ខាងកន្ទុយបានទៅពួកទេវតា។ ភាគីទាំងពីរចាប់ផ្តើមកូរទឹកសមុទ្រ។ ភ្នំវិលចុះឡើងៗ។
ទឹកអម្រឹតនេះជាអ្វីដែលពួកគេចង់បាន។ ប៉ុន្តែការពិតបានលេចឡើង។ គឺថ្នាំពុល កាលកូដ[1]។ ភាពជ្រួលច្របល់បានកើតឡើង។ គ្រប់គ្នា មានពួកទានព ទេវតា និងមនុស្ស ភ័យស្លន់ស្លោ រត់ប្រាសអាយុ គេចចេញពីថ្នាំពុលនេះអោយបានឆ្ងាយបំផុត។ ទានពក៏ទៅជួបនឹងសុក្រឆរ្យៈ ហើយសុំផ្អាកការកូរសមុទ្រទឹកដោះ។ សុក្រឆរ្យៈប្រាប់កុំអោយខ្លាច ព្រោះគាត់អាចប្រោះអ្នកស្លាប់អោយរស់វិញបាន ហើយកើតក្តីសង្ស័យចំពោះពួកទេវតា។ ទេវតាក៏ទៅជួបនឹងព្រះវិស្ណុ ហើយនិយាយទូលពិតថា “តើរឿងចង្រៃស្អីគេហ្នឹងព្រះអង្គ?” ព្រះវិស្ណុក៏តបថា បើការស្វែងរកទឹកអម្រឹតវាជាការងាយស្រួល តើមានន័យអីទៅ? ឆាកល្ខោនជីវិតគឺជាការលេងបិទពួនជាមួយនឹងសេចក្តីស្លាប់។
គេត្រូវតែចេះប្រថុយប្រថាន។ ឧទាហរណ៍ដូច ទារកនិងម្តាយស្ទើរគ្រោះថ្នាក់ដល់ជីវិតក្នុងដំណើរការរយៈកាលប្រាំបួនខែ ហើយនៅកើតចេញមក លោកទាំងមូលញញឹមដាក់។ ដូច្នេះទឹកអម្រឹតមិនមែនជាការងាយស្រួលនោះទេ។ នៅពេលនោះព្រះវិស្ណុយករាងកាយជាមនុស្ស ដែលនៅពេលជាមួយគ្នាអវតាររបស់ព្រះអង្គជាអណ្តើកកូម៌។ ដូច្នេះព្រហ្មា ក៏សួរព្រះវិស្ណុពីសុវត្ថិភាពរបស់ភាវ ដែលទ្រង់បានបង្កើតគឺពួកមនុស្ស ចំពោះមុខថ្នាំពុល កាលកូដនេះ។ ព្រះវិស្ណុក៏អល់អែក។ ជាចុងក្រោយពួកគេ ក៏ទៅពឹងព្រះសិវៈ ព្រះសិវៈក៏ធានាថានឹងជួយដោះស្រាយវិបត្តិនេះ។ ព្រះសិវៈសប្បាយរីករាយដោយឃើញព្រហ្មា និងព្រះវិស្ណុ ព្រមទាំងពួកទេវតាផងដែរ។ ទ្រង់ស្វាគមន៍ពួកគេយ៉ាងសមរម្យ។ ព្រះសិវៈមានបន្ទូលប្រាប់កុំអោយពួកគេមានសេចក្តីភ័យខ្លាចអី។ ពួកគេទាំងអស់គ្នាក៏ចុះទៅសមុទ្រ។ ព្រះសិវៈសុខចិត្តលេបថ្នាំពុល កាលកូដ នោះទាំងអស់ រួចហើយក៏បោះថូរទទេនោះចោល។
ព្រះវិស្ណុទ្រង់កោតសរសើរព្រះសិវៈ ជាខ្លាំងដែលបានសង្គ្រោះលោក។ ទ្រង់គោរពព្រះសិវៈ ហើយហៅព្រះសិវៈថា នីលកណ្ឌ មានន័យថា អ្នកមានកខៀវ ដោយព្រះសិវៈបានបញ្ឈប់ថ្នាំពុលនោះត្រឹមបំពង់ក ធ្វើអោយករបស់ទ្រង់ក្លាយជាខៀវ។ ព្រាហ្មក៏សម្តែងសេចក្តីអរគុណដែរ ព្រោះថាពួកទានពមានសុក្រឆរ្យ ពួកទេវតាមានព្រះវិស្ណុ តែសម្រាប់ពួកមនុស្ស ព្រះវិស្ណុជាអ្នកទទួលខុសត្រូវ ហើយមានតែព្រះសិវៈមួយអង្គគត់ដែលអាចសង្គ្រោះពួកគេបាន។ ព្រះសិវៈក៏ពន្យល់ពីភាពចាំបាច់នៃថ្នាំបំពុល។ នៅទីណាមានអម្រឹត នៅទីនោះត្រូវតែមានថ្នាំពុល។
ថ្នាំបំពុលមិនអាចលុបបំបាត់ទាំងស្រុងបានទេ តែឥទ្ធិពលរបស់វាអាចកាត់បន្ថយបាន។ ជាម្តងទៀតព្រះវិស្ណុ សម្តែងក្តីពេញចិត្តដល់ព្រះសិវៈ។ តែព្រះអង្គផ្តន្ទាអ្នកដែលបានបំពុលទឹក ដោយបោះវត្ថុមិនល្អចូលក្នុងសមុទ្រ ដែលក្លាយទៅជាថ្នាំពុល ដែលមានផលមិនល្អដល់សត្វក្នុងទឹក។
ព្រះឥន្ទ្រក៏ទៅជួបនឹងសុក្រឆរ្យ ហើយនិយាយប្រាប់ថា ថ្នាំពុលកាលកោតត្រូវបានបញ្ចប់ហើយ។ សុក្រឆរ្យសន្និដ្ឋានថា មានតែព្រះសិវៈមួយអង្គគត់ដែលអាចបញ្ឈប់រឿងនេះបាន។ ព្រះឥន្ទ្រក៏ស្នើសុក្រឆរ្យអោយបញ្ជូនបរិវាររបស់ខ្លួនត្រឡប់ទៅវិញ ដើម្បីបំពេញការងារឡើងវិញ។ ពួកគេមានការស្ទាក់ស្ទើរ តែសុក្រឆរ្យយល់អំពីផលប្រយោជន៍របស់អម្រឹត ដូច្នេះគាត់ប្រាប់អោយគ្នីគ្នារបស់គាត់ចេញទៅ ហើយបញ្ជាអោយស្វន៌ភានុឃ្លាំចាំមើលការងារនេះ ដូចលើកមុន។
ស្វយំវរៈ
បន្ទាប់ពីព្រះសិវៈបានលេបថ្នាំពុលរួចហើយ ពួកទេវតានិងពួកអសុរាក៏ចាប់ផ្តើមកូរទឹកសមុទ្រម្តងទៀត។ វត្ថុដែលផុសចេញពីសមុទ្រ គឺមេគោកមធេនុ ។ ពួកព្រាហ្មណ៍ទាមទារយកមេគោនេះ ដោយអះអាងថា ព្រាហ្មណ៍មានសិទ្ធិយកវត្ថុដែលផុសចេញដំបូង។ តែដោយពួកទេវតានិងអសុរាបានលើកអំពីកាលកោត ព្រាហ្មណ៍ក៏ហើបមាត់លែងចេញ។ ប៉ុន្តែដោយសារទាំងទេវៈនិងអសុរៈ សុទ្ធតែគោរពបូជាព្រាហ្មណ៍ដូចគ្នា ពួកគេក៏យល់ព្រមអោយមេគោនេះដល់ព្រាហ្មណ៍។
វត្ថុដែលផុសចេញបន្ទាប់មកទៀតគឺសេះក្បាលប្រាំពីរដ៏ស្អាត មានឈ្មោះថា ឧច្ឆៃស្រវ័ស។ ព្រះឥន្ទ្រត្រូវបានព្រះវិស្ណុប្រាប់កុំអោយទារយកសេះនេះ ដូច្នេះគាត់ក៏នៅស្ងៀម។ ស្តេចអសុរា មហាពលី ក៏សម្តែងនូវការពេញចិត្តចំពោះសេះនេះ ហើយគេក៏អនុញ្ញាតអោយគាត់យកសេះនេះ។ សេះឧច្ឆៃស្រវ័សនេះតំណាងអោយការលើកតម្កើង ភាពក្រអឺតក្រទម ដែលអាចនាំអោយអ្នកស្វែងរកវិជ្ជាប្រាសចាកពីផ្លូវរបស់ខ្លួន។
ពួកអសុរៈនិងពួកទេវៈកើតពីឪពុកតែមួយ គឺបណ្ឌិត កស្យបៈ តែម្តាយទីទៃ។ ពួកទេវកើតពីអទិតិ មានន័យថាមិនព្រិលភ្នែក មិនស្រវាំងភ្នែក មិនច្រលំភ្នែក។ ម្តាយរបស់ពួកអសុរៈគឺទិតិ មានន័យថាមើលអ្វីច្រើនតែច្រលំ មិនយល់ស៊ីជម្រៅពីវត្ថុដែលឃើញ។ វត្ថុផុសចេញបន្ទាប់មកទៀតគឺដំរីឰរវ័ត ជាស្តេចដំរីស។ ដោយសារតែពួកអសុរៈបានយកសេះទៅហើយដូច្នេះ ពេលនេះជាវេណរបស់ទេវៈវិញ ដូច្នេះព្រះឥន្ទ្រក៏យកដំរីឯកនេះ ជាជំនិះរបស់គាត់។ ដំរីដែលមានភ្នែកតូចជាងខ្លួនខ្លាំង តំណាងអោយសមត្ថភាពមើលឃើញនូវចំនុចសំខាន់នៃវត្ថុនានា។
បន្ទាប់មកទៀតក៏ផុសគ្រឿងអលង្ការ កោស្តុភា ព្រះវិស្ណុក៏យកធ្វើជាគ្រឿងលម្អ។ បន្ទាប់មកទៀតក៏ផុសចេញដើមឈរបំពេញប្រាថ្នា បរិជាត និង ស្រីទេពអប្សរ ដែលទាំងពីរនេះក្រោយមកក្លាយជាវត្ថុសក្ការរបស់ស្ថានសួគ៌។ បន្ទាប់ពីកូរបានច្រើនដងរួចមក ក៏លេចចេញព្រះនាងលក្ស្ម៊ី ដែលស្អាតដូចរាល់ដង។ តែពេលនោះនាងលេចចេញមកជា ស្រី។ កាលកេតុ រៀបរាប់បបូរមាត់នាង ភ្នែក មុខមាត់ ចរឹក សក់ ដំណើរ ដោយពាក្យពេចន៍ល្អសព្វបែបយ៉ាង ហើយបានដាស់អោយតណ្ហារបស់ខ្លួនគាត់ស្ងើនឡើង។ សុក្រឆរ្យសុំព្រះឥន្ទ្រយកនាង។ តែព្រះឥន្ទ្រតបថា នាងជាទេពី ជាទេពធីតាសម្រាប់ទេវតាមួយអង្គ។ ដូច្នេះព្រះឥន្ទ្របដិសេធ។
កាលកេតុនិងបក្សពួកដើរចេញ ហើយនិយាយថា ពួកគេនឹងធ្វើសង្គ្រាមដើម្បីកំណត់ថា នរណាជាអ្នកត្រូវបានស្រីនេះ។ ភាគីទាំងពីរក៏ឈប់កូរទឹកសមុទ្រ ហើយទៅលានចម្បាំងប្រយុទ្ធគ្នាដណ្តើមស្រី។ នាងលក្ស្ម៊ីមានទុក្ខព្រួយដោយមិនអាចរកព្រះវិស្ណុឃើញ។ អារម្មណ៍នាងស្រែកហៅរកទ្រង់ ភ្នែករបស់នាងសម្លឹងរកទ្រង់ គ្រប់ភាគទាំងអស់នៃកាយនាងត្រូវការទ្រង់។
ដូច្នេះព្រះវិស្ណុក៏មកដល់។ ព្រះវិស្ណុនិងនាងលក្ស្ម៊ីក៏បានជួបគ្នាប្រកបដោយក្តីរីករាយឥតឧបមា ប៉ុន្តែព្រះវិស្ណុ មានកែវភ្នែកប្រកបដោយអាថ៌កំបាំង ប្រាប់នាងលក្ស្ម៊ីថា ឥលូវនេះនាងចេញមកពីសមុទ្រ ដូច្នេះនាងជាសាគរបុត្រី ដូច្នេះនាងត្រូវទៅជួបអ្នកបង្កើតសមុទ្រ ព្រហ្មា ដើម្បីកំណត់ពីវាសនារបស់នាង រួចក៏ទុកនាងចោលតែម្នាក់ឯងទៅ។ ដូច្នេះនាងលក្ស្ម៊ីក៏ទៅជួបនឹងព្រហ្មា ហើយប្រាប់នាងពីតម្រូវការចាំបាច់របស់នាងចំពោះព្រះវិស្ណុ ហើយប្រាប់អំពីចម្បាំងរវាងពួកទានពនិងទេវតា។ ព្រហ្មានិយាយថា “អីក៏សំរាមម្ល៉េះ!” ហើយក៏យាងទៅលានសង្គ្រាម។
គាត់ទៅដល់ត្រឹមពេលដែលសង្គ្រាមហៀបនឹងចាប់ផ្តើម ហើយប្រាប់ពួកទេវតានិងពួកទានព អំពីគោលការណ៍របស់ស្រី។ ទ្រង់ប្រាប់ពួកគេអំពីសិទ្ធិរបស់ស្ត្រី ហើយថាស្ត្រីមិនអាចចាត់ទុកដូចជា របស់គ្មានជីវិតបានទេ ដែលគ្មាននរណាអាចយកជាកម្មសិទ្ធិបានទេ។ ដូច្នេះគាត់ក៏ចាប់ផ្តើមពិធីថ្មីមួយហៅថា ស្វយំវរៈ ដែលក្នុងនោះស្រី ទទួលបានសិទ្ធិផ្តាច់មុខ លើបុរស ដែលនាងជ្រើសរើស មានសិទ្ធិក្នុងការជ្រើសរើសបុរសដែលនាងពេញចិត្ត ហើយមិនអាចបុរសណាមកជ្រើសរើសយកនាងបានឡើយ។
មហាពលីនិយាយលើកកាលកេតុថា កាលកេតុខ្លាំង ដូច្នេះនាងនឹងជ្រើសរើសយកគាត់តែម្នាក់គត់ តែកាលកេតុបើកភ្នែកធំៗ តែក្នុងចិត្តគិតថាវាមិនអាចរួចជាស្រេចទៅហើយ។ នាងលក្ស្ម៊ីមានការព្រួយបារម្ភ។ នរទក៏លេចចេញមក។ គាត់ប្រាប់នាងថា ស្នាមញញឹមរបស់នាង ជាវត្ថុដែលអាចផ្តល់ជីវិតឡើងវិញដល់ភាវរស់ជាច្រើន ហើយឥលូវនេះស្នាមញញឹមនោះម្តេចក៏ស្លាប់បាត់អញ្ចឹង។ តើអ្វីទៅជាបញ្ហា?។ នាងក៏តបវិញថា នៅក្នុងពិធីស្វយំវរដែលនឹងមកដល់នេះ មានតែពួកទេវតានិងទានពប៉ុណ្ណោះដែលមានសិទ្ធិចូលរួម តែនរាយណ របស់នាងមិនអាចមកចូលរួមបានទេ។ តើអោយនាងអាចជ្រើសរើសណាផ្សេងទៀតក្រៅពីទ្រង់បាន?។ នាងក៏សុំអោយ នរទ ជួយយ៉ាងណាអោយនរាយណៈ មកចូលរួមក្នុងពិធី ស្វយំវរៈ។ នរទៈមិនអាចនិយាយអ្វីចេញបាន ដោយ នរាយណៈមិនត្រូវបានគេអញ្ជើញមកចូលរួមក្នុងពិធីនេះទេ។ ស្វយំវរៈក៏ចាប់ផ្តើម។ គ្មានសញ្ញាអំពីព្រះវិស្ណុក្នុងពិធីនេះទេ។ មានតែពួកទានពនិងទេវតាប៉ុណ្ណោះ។ សាគរបុត្រី មានចិត្តព្រួយបារម្ភជាខ្លាំង។ នាងរង់ចាំអ្វីមួយ។ ព្រហ្មា ជារៀបចំពិធី ក៏ប្រកាសបើកពិធីស្វយំវរៈ ជាលើកដំបូងមិនធ្លាប់មាន ជាពិធីមួយដែលស្ត្រីមានសិទ្ធីជ្រើសរើសបុរសដែលនាងពេញចិត្ត។
នាងសាគរបុត្រីនៅតែបារម្ភក្នុងចិត្ត នាងដើរកាត់ហ្វូងទេវតានិងទាណព នាងបដិសេធទាំងអស់ នៅពេលនោះភ្នែករបស់នាងសម្លឹងមើលទៅតែទ្វារ សង្ឃឹមថាព្រះវិស្ណុនឹងចូលមក។ តែគ្មានទេ។ នាងបដិសេធគេគ្រប់គ្នា។ នៅក្នុងចិត្តរបស់នាងបានគិតក្នុងចិត្តថា៖
១ - អ្នកខ្លះចេះទ្រាំនឹងការលំបាកបែបយ៉ាង ប៉ុន្តែមិនចេះគ្រប់គ្រងកំហឹងរបស់ខ្លួន (ដូចជាឥសីទុរវ័សជាដើម)។
២ – អ្នកខ្លះចេះច្រើន តែចូលចិត្តនាំរឿងដាក់ខ្លូន (ដូចជា សុក្រឆរ្យៈនេះជាដើម)។
៣ – អ្នកខ្លះទៀតឧត្តុង្គឧត្តមណាស់ តែមិនអាចជម្នះលើតណ្ហាបាន (ដូចជាព្រះព្រហ្ម)។
៤ – អ្នកខ្លះទៀតខ្លាំងពូកែល្បីល្បាញណាស់ (ដូចជាព្រះឥន្ទ្រនេះ) តែបានប្រយោជន៍អ្វី បើអ្នកនោះនៅតែពឹងគេអោយជួយការពារដដែលនោះ។
៥ – អ្នកខ្លះថ្វីបើហ្មត់ចត់ក្នុងការតាំងធម៌ តែខ្វះក្តីមេត្តា (ដូចជាបរសុរម)។
៦ – អ្នកខ្លះងប់នឹងពលីកម្ម (ដូចជាស្តេច សិពិ) តែ ពលីកម្ម មិនគ្រប់គ្រាន់សម្រាប់មុក្តិទេ។
៧ – អ្នកខ្លះគ្មានញាតិមិត្រ អ្នកនោះនឹងមិនចេះគិតគូរដល់អ្នកដទៃ ដូចជាភរិយាទេ ដូច្នេះមិនអាចមានទំនាក់ទំនងបានទេ។
៨ – អ្នកខ្លះ (ដូចជាឥសី មរ្កន្ទេយ) ដែលមានអាយុវែង តែពួកគេគ្មានអធ្យាស្រ័យល្អ ដែលស្ត្រីពេញចិត្ត។ អ្នកដែលមានអធ្យាស្រ័យល្អដែលស្ត្រីពេញចិត្ត តែមានអាយុខ្លីទៅវិញ។
៩ – អ្នកដែលមានទាំងពីរ (អាយុវែង និងមានអធ្យាស្រ័យល្អ ដូចជាព្រះសីវៈ) បែរជារស់នៅដោយគ្មានរសជាតិទៅវិញ។
១០ – អ្នកដែលរស់នៅប្រកបដោយរសជាតិផ្អែមល្ហែម ជីវិតអមតៈ និងមានអធ្យាស្រ័យមិនកំណត់ គ្មាននរណាផ្សេងទៀតទេសម្រាប់ខ្ញុំ (ព្រះវិស្ណុ)។
ប៉ុន្តែនៅចុងក្រោយ សល់តែកាលកេតុម្នាក់គត់ ដែលនាងមិនអាចបដិសេធបាន។ ដោយគាត់ជាបុរសតែម្នាក់គត់ដែលនៅសល់ នាងត្រូវតែជ្រើសរើសយកគាត់។ នាងរួញរា។ នាងអល់អែក ក្នុងចិត្តច្របូកច្របល់ជាខ្លាំង។ ស្រាប់តែពេលនោះ ព្រះវិស្ណុក៏ចូលមកដល់មែន។ លក្ស្ម៊ីត្រេកអរជាខ្លាំង។ នាងចាប់អារម្មណ៍លើទ្រង់។ នាងរីករាយគ្មានដែនកំណត់។ នាងស្រក់ទឹកភ្នែក នាងរត់ទៅរកទ្រង់ ហើយជ្រើសរើសយកទ្រង់ជាបុរសរបស់នាង។ ពួកទេវតាកោតស្ញប់ស្ញែងជាខ្លាំង។ ជំនួបរវាងលក្ស្ម៊ីនិងវិស្ណុ ក្លាយជាប្រវត្តិមួយ ដូចដែលព្រះវិស្ណុបានសន្យា។ រំភើបលាយភ័យ តាមតែអាច។ ពួកទាណពអន់ចិត្តជាខ្លាំង ក៏ទៅជួបសុក្រឆរ្យៈ សុំឈប់បន្តកូរសមុទ្រទឹកដោះបន្តទៀត។ ប៉ុន្តែសុក្រឆរ្យមិនយល់ស្របតាម។
អវតារមោហិនី
ការកូរទឹកសមុទ្រក៏បន្ត។ បន្ទាប់មកទៀតក៏ផុសចេញនារីម្នាក់ មានភ្នែកជាផ្កាឈូក នាងគឺវរុនី ជាទេពធីតានៃសុរា។ ពួកអសុរាក៏ចាប់យកនាង។ ជាចុងក្រោយក៏ផុសចេញបុរសម្នាក់មានដៃវែង សាច់ដុំធំ កាន់ថូរមួយដាក់ទឹកអម្រឹត។ អ្នកនោះគ្មាននរណាក្រៅពី ធន្វន្តរី[1] ទេ គឺជាអ្នកបង្កើតអយុរវេទ។ ពួកទេវតានិងទានពជ្រួលច្របល់ជាខ្លាំង។ មានពួកទាណពម្នាក់ ដែលលោភលន់ជាខ្លាំង ក៏ឆក់យកទឹកអម្រឹតរួចរត់ទៅបាត់ទៅ។ ដូច្នេះពួកទេវតាគេក៏ពឹងព្រះវិស្ណុម្តងទៀត ដែលពេលនោះព្រះវិស្ណុមានព្រះបន្ទូលថា មិនអាចអោយពួកទាណពគ្រប់លោកបានជាដាច់ខាត។ បើបណ្តោយអោយដូច្នេះ រោមនឆន របស់ជីវិតនឹងត្រូវបំផ្លាញជាមិនខាន។ ដូច្នេះគាត់ក៏យល់ព្រមជួយពួកទេវតា។
នៅពេលនោះ ពួកអសុរាក៏កំពុងតែឈ្លោះគ្នាដណ្តើមផឹកទឹកអម្រឹតមុន។ ព្រះវិស្ណុប្រែកាយជាស្រីស្អាតម្នាក់មានឈ្មោះថា មហិនី។ មានសម្បុរខ្មៅភ្លឺ កាយស្រឡូន និងទាក់ទាញជាខ្លាំង។ នៅពេលដែលមហិនីចូលទៅដល់ក្នុងវាំងរបស់ពួកទាណព ពួកទាណពមិនទាន់ផឹកអម្រឹតនៅឡើយ។ ដំណើររបស់នាង ស្នាមញញឹមរបស់នាង កែវភ្នែករបស់នាង បានធ្វើអោយពួកទាណពឈ្លក់វង្វេង ពួកគេរវល់គិតតែអំពីនាង ក៏ទុកអម្រឹតចោល។ ពួកអសុរាក៏សួរនាងថា “ស្រីស្អាត នាងជានរណា? នាងមកពីណា? ប្រាប់ពួកយើងមកនាងជាកូននរណា។ នាងស្អាតណាស់។ នាងមកទីនេះចំជាឱកាសល្អមែន។ ឥលូវនេះពួកអសុរាយើង ពិតមែនតែមានឪពុកតែមួយមែន តែពួកយើងកំពុងឈ្លោះគ្នាដណ្តើមទឹកអម្រឹត។ យើងចង់អោយនាងជួយចែកទឹកអម្រឹតដល់ពួកយើង ដូច្នេះពួកយើងនឹងមិនឈ្លោះគ្នាទៀតទេ”។
នាងមោហិនី តបថា “តើបុគ្គលខ្ពង់ខ្ពស់ដូចជាអស់លោក អាចទុកចិត្តនឹងស្រ្តីចូលចិត្តសប្បាយដូចខ្ញុំយ៉ាងដូចម្តេចទៅ? មែនហើយគ្មានបណ្ឌិតណាដែលធ្វើបែបនេះទេ”។ ដោយពាក្យរំលឹកបែបនេះ នាងបានធ្វើអោយពួកអសុរាកាន់តែទុកចិត្តនាងថែមទៀត។ ពួកគេបានសើចក្អាកក្អាយ ដោយដៃកាន់ទឹកអម្រឹតទៅអោយនាង។ ដោយទទួលយកទឹកអម្រឹតបានហើយ នាងមោហិនី និយាយដោយសំដីផ្អែមល្ហែមថា “អ្នកត្រូវយល់ព្រមតាមអ្វីដែលនាងខ្ញុំសំរេចអោយធ្វើ ត្រូវក៏ដោយខុសក៏ដោយ បែបនេះទើបខ្ញុំយល់ព្រមចែកទឹកអម្រឹតអោយ”។ ពួកអសុរា ប្រាជ្ញារបស់ពួកគេងងិតស្លុបដោយសារតែសម្រស់របស់នាង មិនបានពិចារណាលើសំដីរបស់នាងអ្វីបន្តិច ក៏យល់ព្រមនឹងលក្ខខណ្ឌរបស់នាង។
នាងនិយាយថា ពួកទេវតានឹងត្រូវអញ្ជើញដើម្បីមកបង្ហាញថា ទាណពខ្លាំងពូកែមែន បង្ហាញថា ពួកទាណពមានកិត្តិយស និងស្រឡាញ់យុត្តិធម៌។ បន្ទាប់ពីរួញរាចិត្តបន្តិចមក កាលកេតុក៏យល់ព្រម ហើយពួកទាណពក៏អញ្ជើញពួកទេវតា។ ក្នុងនាមជាអ្នកអធិថិសត្ករ មហិនីក៏សុំកាលកេតុ យកអម្រឹតទៅចែកចាយដល់ភ្ញៀវដែលជាពួកទេវតា។ កាលកេតុក៏យល់ព្រមដោយគ្មានការសង្ស័យ។ ទាណព ស្វរភានុ សង្ស័យជាកលល្បិច ក៏បន្លំខ្លួនជាពួកទេវតា រួចចូលរួមក្នុងចំណោមពួកទេវតា។ មហិនីមិនដឹង ក៏ចែកទឹកអម្រឹតទៅអោយគាត់។
តែទេវតា ចន្ទ្រាទេវ ដឹងទាន់ ក៏ប្រាប់រឿងនេះដល់មោហិនី មោហិនីក៏កាឡាជាព្រះវិស្ណុវិញ។ ព្រះវិស្ណុខឹង ក៏កាត់ស្វរភានុដាច់ជាពីរ។ នៅពេលដែលស្វរភានុត្រូវបានព្រះវិស្ណុសម្លាប់ សូម្បីតែអម្រឹត និង សំជីវិនមន្ត្រក៏មិនអាចជួយស្រោចស្រង់ជីវិតគាត់បានដែរ។ស្វរភានុត្រូវបានកាត់ជាពីរកង់ ក្បាលនិងខ្លួន។ ក្បាលក៏ក្លាយជារាហូ និង ខ្លួនក្លាយជា កេតុ។ ដោយព្រះចន្ទជាអ្នកបកអាក្រាតកលល្បិចរបស់ស្វរភានុ រាហូនិងកេតុក្លាយជាសត្រូវរបស់ចន្ទ្រាទេវជារៀងរហូតមក។
ពួកទាណព ដឹងថាមោហិនី តាមពិតជាព្រះវិស្ណុ។ កាលកេតុភ័យព្រួយ ពេលដឹងថា អម្រឹតអស់រលីងពីថូរទៅហើយ។ អម្រឹតទាំងអស់ត្រូវពួកទេវតាផឹកអស់ហើយ។ កាលកេតុក្តៅក្រហាយ ក៏ប្រញាប់ទៅសម្លាប់ព្រះវិស្ណុ។ តែព្រះវិស្ណុគេចខ្លួន។ នៅចុងបញ្ចប់ កាលកេតុនិងបក្សពួក ដឹងខ្លួនថាចាញ់បោកគេម្តងទៀត ហើយពេលនេះច្បាស់ជាចាញ់សង្គ្រាមមិនខាន។ សុក្រឆរ្យក្តៅក្រហាយជាខ្លាំង។ គាត់ប្រកាសថា នរណាដែលធ្លាក់ក្នុងសំណាញ់សម្រស់របស់ស្ត្រី មិនអាចធ្វើអ្វីបានសម្រេចទេក្នុងជីវិត៕
(ប្រភព៖ ខ្មែរនៅស្វីស)