ព្រះមហាក្សត្រខ្មែរ ៤អង្គ មានព្រះនាមអ្វីខ្លះដែលនៃការកសាងប្រាសាទព្រះវិហារ ឫស្រីសិខ:រិស្វារ:
ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។
សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា ស្រីសិខ:រិស្វារ:មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖
១-ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០)
២-ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០)
៣-ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និង
៤-ព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។
ប្រាសាទព្រះវិហារបានទ័ពថៃចូលមកទន្ទ្រាន ក្នុងឆ្នាំ១៩៤៣ តែត្រូវបានរដ្ឋាភិបាលខ្មែរប្តឹងទាមទារនាឆ្នាំ១៩៥៨ និងបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈភាគីខ្មែរថៃ ទំនាស់គ្នាលើដីទំហំ ៤,៦ គីឡូម៉ែត្រការេ នោបរិវេណប្រាសាទ។ តុលាការ ICJ បានប្រកាសសាលដីកា ក្រោយពីបានបើកសវនាការស្ដាប់ ការបកស្រាយដោយផ្ទាល់មាត់ពីតំណាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ កាលពីខែមេសា ឆ្នាំ២០១៣។ ដោយអំណាចសាលដីកានេះ គឺបានបង្គាប់ឲ្យថៃ ត្រូវដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ។ កាលបរិច្ឆេទសំខាន់ៗថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ : ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្ដី រវាងវិវាទកម្ពុជា-ថៃលើប្រាសាទព្រះវិហារ។
ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨: អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា៕
បណ្ឌិត មីសែល ត្រាណេ ឲ្យកែប្រវត្តិព្រះបាទសូរ្យវរ្ម័នទី១ (១០១០-១០៤៩) ក្សត្រសាងប្រាសាទព្រះវិហារ ឬហៅថាប្រាសាទ (ស្រីសិខ:រិស្វារ: ) ថាជាប់ខ្សែស្រឡាយពីជ្វាឫ ចាមនោះថាជារឿងច្រលំ
ជុំវិញប្រវត្តិរបស់ព្រះបាទសូរ្យវរ្ម័នទី១ (១០១០-១០៤៩ នៃគ្រិស្តសករាជ) នៅតែមានអ្នកសរសេរអត្ថបទប្រវត្តិសាសស្ត្រខ្មែរមួយចំនួន ថាព្រះអង្គ មានជំនឿ និងកាន់ព្រះពុទ្ធសាសនា នៅឡើយ។
ខាងក្រោមនេះ គឺជាគឺជាការអះអាងរបស់បណ្ឌិត មីសែល ត្រាណេ ផ្អែកលើការសិក្សាស្រាវជ្រាវថ្មី ដែលយកសិលាចារឹកមកសំអាង បានបញ្ជាក់ថា ការយល់ឃើញខាងលើនេះផ្ទុយនឹងខ្លឹមសារនៃសិលាចារឹកដែលបានចារនាសម័យព្រះអង្គគ្រងរាជ។ ដោយមិនធ្វើការអត្ថាធិប្បាយបន្ថែមច្រើន ខ្ញុំសូមលើកយកអត្ថបទរបស់លោកមកជម្រាបជូន លោកអ្នក ដូចតទៅ៖
ប្រវត្តិវិទូជនជាតិបារាំងលោក ហ្សក ស៊ឺដេស G. Coedès បាននិយាយថា ប្រវត្តិរបស់ព្រះបាទសូរ្យវរ្ម័នទី១ មានសែស្រឡាយជាមួយជនជាតិជ្វា ឬចាម ដោយលោកបានបញ្ជាក់ហេតុផលថា ពាក្យ "ត្វន” ដែលជាគោរម្យងាររបស់ទ្រង់ត្រូវបានបកប្រែថា "មេ ឬចៅហ្វាយ” ក្នុងភាសាម៉ាឡេ។ ម្យ៉ាងវិញទៀត លោកក៏បានបញ្ជាក់បន្ថែមថា ព្រះបាទសូរ្យវរ្ម័នទី១ មានជំនឿលើព្រះពុទ្ធសាសនា ដែលមកពីជ្រោយម៉ាឡាយូនៅលើគោរ ក្នុងខេត្តនគរស្រីធម្មរាជរបស់ថៃបច្ចុប្បន្ន ដោយសំអាងលើមរណនាមរបស់ព្រះអង្គគឺ "និព្វានបទ”។
ពិតមែនតែលោកស៊ឺដេស បានសន្និដ្ឋានថា ព្រះអង្គមកពីជ្វា ហើយបានពង្រីកចក្រភពខ្មែរជ្រោយម៉ាឡាយូ ពិសេសពីនគរស្រីធម្មរាជរហូតដល់ភូមិភាគកណ្តាលនៃប្រទេសថៃសព្វថ្ងៃ គឺខេត្តល្វោ (លពបុរី) ហើយពីនោះមកដល់ភូមិភាគឦសាន និងកម្ពុជាបច្ចុប្បន្ន ក៏ប៉ុន្តែទស្សនៈនេះ គ្រាន់តែជាសមត្តិកម្មតែប៉ុណ្ណោះ។
បើយោងតាមការសិក្សាស្រាវជ្រាវថ្មីរបស់យើង ដែលយកសិលាចារឹកមកសំអាងបានបញ្ជាក់ថា ការយល់ឃើញខាងលើនេះផ្ទុយនឹងខ្លឹមសារនៃសិលាចារឹក ជាពិសេស Ka 18, K.125, K.136, K 89, K.153, K.834, K.354, K.278, K.276, K.91, K.53, K.253, K.242, K.124, K.289 និង K.16 ជាដើម។
យោងតាមលទ្ធផលនៃការវិភាគខ្លឹមសារនៃសិលាចារឹក យើងលើកឡើងថា ព្រះបាទសុរិយាវរ្ម័នទី១ មិនបានយាងមកពីប្រទេសជ្វានោះទេ ទ្រង់គឺជាក្សត្រខ្មែរមួយព្រះអង្គ មានប្រភពមកពីត្រកូលក្សត្រខ្មែរសុទ្ធសាធ ព្រោះរាជទាយាទដែលត្រូវស្នងតំណែង គឺខ្មែរយើងសម័យនោះ ត្រូវជ្រើសរើសខ្សែញាតិ ខាងមាតា(បុត្រខាងអគ្គមហេសី)។ ការស្រាវជ្រាវបានឲ្យដឹងទៀតថា ការដែលព្រះបាទសុរិយាវរ្ម័នទី១ បានស្ថិតក្នុងភូមិភាគខាងត្បូង ហើយបានធ្វើសង្គ្រាមបង្រួបបង្រួមជាតិក្នុងភូមិភាគកណ្តាលនៃប្រទេសខ្មែរ នៅប្រទេសថៃប៉ែកខាងត្បូងបច្ចុប្បន្ន ដែលជាអតីតទឹកដីខ្មែរ ទង្វើនេះមិនមានអ្វីធ្វើឲ្យយើងភ្ញាក់ផ្អើលនោះទេ។
តាំងពីសម័យនគរភ្នំរហូតដល់សម័យអង្គរ លើកលែងតែទីក្រុងស្រីវិជ័យ ដែលត្រូវបានផ្តាច់ចេញ ហើយបានត្រួតត្រាដោយជនជាតិម៉ាឡេ ចាប់តាំងពីសតវត្សរ៍ទី៧មក ភូមិភាគខាងត្បូងនៃប្រទេសថៃ គឺជាទឹកដីរបស់នគរភ្នំ។ តាមព្រះរាជពង្សាវតារថៃ ភូមិភាគនេះត្រូវបានដណ្តើមត្រួតត្រាដោយព្រះរាជាណាចក្រថៃដ៏មហារុងរឿង ចាប់ពីរជ្ជកាលរបស់ព្រះបាទមហារាជរាមកំហែងមក។
បើនិយាយម្យ៉ាងទៀត ព្រឹត្តិការណ៍ដែលបានលើកឡើងខាងលើនេះ បានកើតឡើងមុនកំណើតនៃរដ្ឋថៃដំបូងបង្អស់ គឺព្រះរាជាណាចក្រសុខោទ័យនៅចុងសតវត្សរ៍ទី១៣ ដើមសតវត្សរ៍ទី១៤ ពោលគឺពេលដែលភូមិភាគខាងត្បូង កណ្តាល និងឦសាន ត្រូវបានផ្តាច់ចេញពីមាតុភូមិខ្មែរ។
ម្យ៉ាងវិញទៀត ដោយសារមានជំនឿដ៏មោះមុតលើព្រហ្មញ្ញសាសនាយ៉ាងមុតមាំ ស្តេចអង្គនេះបានបន្តការសាងសង់ប្រាសាទភ្នំព្រះវិហារដែលជាស្ថាបត្យកម្មល្អឯកនៃពូជសាសន៍ខ្មែរអស្ចារ្យរុងរឿង។គួររំលឹកផងដែរថា ពាក្យកំត្វន ឬកំតូន គឺជាពាក្យខ្មែរបុរាណមានន័យថា តូន ឬដូន ក្នុងន័យ ជីតូន (ជីដូន)។ ដោយមានហេតុផលយ៉ាងដូច្នេះហើយ បានជាយើងសូមស្នើឲ្យមានការកែតម្រូវទស្សនៈរបស់លោក ហ្សក ស៊ឺដេស ដែលបានធ្វើឡើងតាំងពីមុនសង្គ្រាមលោកលើកទី១ មកម្ល៉េះ៕ប្រវត្តិសាស្ត្រកម្ពុជា
ដោយ៖ Ny Watthanak
ហេតុអ្វីបានជាប្រាសាទព្រះវិហារមានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ ?
លោកសាស្ត្រាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្ត្រខ្មែរ ថៃ លាវ និងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើង នៅក្នុងខេត្តព្រះវិហារ(ពីមុនហៅថាខេត្តម្លូព្រៃ) នៃដែនដីព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ។
ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា? សៀមទាល់តែចុងសតវត្សរ៍ទី១៣ បានទើបនឹងចុះមក ដោយស្តេចដំបូងឈ្មោះ រាមាកំហែង មកវាយយកខេត្តសុខោទ័យ ពីខ្មែរទេតើ។
ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅខាងណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ៕
No comments:
Post a Comment