Tuesday, September 26, 2017

ប្រទេស​ថៃ​ទទួល​វប្បធម៌

តើ​ប្រទេស​ថៃ​ទទួល​វប្បធម៌​សំស្ក្រឹត​ដោយផ្ទាល់ ឬ​ដកស្រង់​ចេញពី​ខ្មែរ​?


នៅក្នុងពេល​ថ្មីៗ​នេះ​មានការ​លើកឡើងថា​វប្ប​ធម៌ អារ្យធម៌​ថៃ​បាន​ឈានទៅដល់​កម្រិត​កំពូល​មួយ​គួរ​ជាទី​មោទនៈ​ដែល​មើលទៅ​គឺជា​ជនជាតិ​មួយ​ហាក់ដូច​ជាមាន​វ័យ​ចំណាស់​ជាង​ខ្មែរ​ទៅ ទៀត​។ ព្រោះ​វប្បធម៌ និង​អារ្យធម៌​ប្រហាក់ប្រហែលគ្នា​ធ្វើ​ឲ្យ​មាន​និន្នាការ​ថា​ប្រទេស​ពីរ​នេះ​តើ​វប្បធម៌​មួយណា​ជា​របស់​អ្នកណា ឬក៏​អ្នកណា​ដកស្រង់​ពី​អ្នកណា​ឡើយ​។​
ប៉ុន្តែ​បើ​យោងតាម​ប្រវត្តិសាស្ត្រ​ពិភពលោក​ដឹងឮ​នោះគេ​ដឹង​ច្បាស់​ថា​ថៃ​គឺជា​រដ្ឋ​ដ៏​ក្មេងខ្ចី​ជាងគេ បំផុត​ក្នុងចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍​នេះហើយ​ខ្មែរ​មន​គឺជា​រដ្ឋ​វ័យ​ចំណាស់​ជាងគេ​ក្នុង​តំបន់​។​
យោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ​អ្នកស្រី ត្រឹង ងា លើ​កថា​ខ្មែរ​បាន​ប្រើ​ភាសាសំស្ក្រឹត​តាំងពី​បុរាណ​នា​ដើម​សតវត្ស​ទី​១​ក្នុង​សម័យកាល​ឥណ្ឌូ​នីយកម្ម​មកម្ល៉េះ​។ ពោលគឺ​ប្រើ​ភាសាសំស្ក្រឹត​មុន​រដ្ឋ​ថៃ​កើត​១០​សតវត្ស​ឯណោះ​។ យោងតាម​ឯកសារ​លោក ហ្ស​ក​ហ្សឺ​ដេ​ស ជនជាតិ​បារាំង​លើក​ថា ៖ ទោះបីជា​វប្បធម៌​អារ្យធម៌​ថៃ បាន​ឈានដល់​កម្រិត​មួយ​គួរ​ជាទី​មោទនៈ​ក៏ដោយ ប៉ុន្តែ​នោះ​មិនមែនជា​លទ្ធផល​ដែល​កើតចេញពី​វប្បធម៌​សំស្ក្រឹត​ដោយផ្ទាល់​ទេ វា​គ្រាន់តែ​ដកស្រង់​ចេញពី​ខ្មែរ​ហើយ​បូកផ្សំ​នឹង​ទេពកោសល្យ​របស់​ជនជាតិ​ថៃ​ប៉ុណ្ណោះ​។​
មូលហេតុ​ដែល​នាំ​ឲ្យ​ហ៊ាន​និយាយ​ដូច​ច្នេះ គឺ​សំអាង​ទៅលើ​កត្តា​ពីរ​ដែល​បានបញ្ជាក់​នៅក្នុង​ឯកសារ​ប្រជុំ​សិលាចារឹក​ស្តីពី​ប្រទេស​សៀម​របស់លោក​ហ្ស​ក​សឺ​ដេ​ស ខ្សែ​ទី​១ ទំព័រ​ទី​៤៤ ដែល​បាន​បញ្ជាក់ថា វត្តមាន​របស់​ជនជាតិ​ថៃ នៅក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌូចិន ជា​ព្រឹត្តិការណ៍​ថ្មីថ្មោង​បំផុត គឺ​នៅក្រោយ​ដំណើរការ​ឥណ្ឌូ​រូបនីយកម្ម​ដែល​បានចាប់ផ្តើម​នៅ​ស​.​វ​ទី​១​នៃ​គ​.​ស ហើយ​ឥណ្ឌូ​រូបនីយកម្ម​នេះ បាន​កន្លងផុត​ទៅជិត ១៣ សតវត្សរ៍​មកហើយ​។​
កត្តា​ទី​២ កុលសម្ព័ន្ធ​ថៃ​ដែល​កំពុង​ស្ថាបនា​ព្រះរាជាណាចក្រ​របស់ខ្លួន​នៅលើ​អាណាខេត្ត​នានា​របស់​ខ្មែរ ដូចជា​សុខោទ័យ អយុធ្យា លពបុរី ៘ ក៏ត្រូវ​ស្ថិតក្នុង​ស្ថានភាព​អ្វីៗ​ប្រឆាំងនឹង​ខ្មែរ​ដែរ​។
ដូចនេះ​នៅក្នុង​គោលបំណង​សំខាន់​នេះ អ្នកដឹកនាំ​ថៃ​បាន​ខ្ចី​ព្រះពុទ្ធសាសនា​ថេរវាទ​ពី​ខ្មែរ​ធ្វើជា​មូលដ្ឋាន​អភិវឌ្ឍន៍​ប្រទេស​របស់គេ​។ ទន្ទឹមនឹងនេះ​ក្សត្រ​ថៃ​ក៏បាន​បញ្ជូន​ប្រតិភូ​របស់ខ្លួន​ទៅ​ចម្លង​គម្ពីរ​ធម៌​ពី​ប្រទេស​ស្រីលង្កា​ផងដែរ​។​
យោងតាម​ឯកសារ​របស់លោក ហ្ស​ក​សឺ​ដេ​ស ជនជាតិ​បារាំង​ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ឃើញ​យ៉ាងច្បាស់​ថែមទៀត​តាមរយៈ​សិលាចារឹក ដែល​ចារ​ឡើង​ដោយ​ព្រះបាទ​រាម​កំហែង​នៅ​សុខោទ័យ នា​ឆ្នាំ ១២៩២​នៃ​គ​.​ស ឬ​នៅ​សតវត្សរ៍​ទី​១៣​នៃ​គ​.​ស ដោយមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ ’​ឪពុក​ខ្ញុំ​ឈ្មោះ ស្រី​ឥន្ទ្រា​ទិ​ត្យ ម្តាយ​ខ្ញុំ​ឈ្មោះ នាង​សួង បងប្រុស​ខ្ញុំ​ឈ្មោះ បាង​មឿង​។​
​យើងខ្ញុំ​ទាំងអស់​ជា​កូន មាន​ចំនួន​៥​នាក់ កើតចេញពី​ពោះ​តែម្តង គឺ​ប្រុស​បី ស្រី​២ កូន​ទី​១​ត្រូវជា​បង​បង្អស់​បាន​ស្លាប់​តាំងពី​តូច​។ នៅពេល​ខ្ញុំ​ធំ​ដឹងក្តី​ឡើង អាយុ​បាន​១៩​ឆ្នាំ ស្រាប់តែ​ឃុន​សាម​ឆន់ មេ​មឿង​ឆូ​ក បាន​នាំ​ទ័ព​មក​វាយ​មឿង​តាក​។ ឪពុក​ខ្ញុំ​ក៏បាន​ចេញទៅ​ទប់ទល់​នឹង​គេ​ពី​ទិស​ខាងឆ្វេង​។ ដោយសារ​កងទ័ព​រប​ស់​ឃុន​សាម​ឆន់ ដែល​មកពី​ទិស​ខាងស្តាំ​មាន​ចំនួន​ដ៏​ច្រើន​លើសលប់ ទ័ព​របស់​ឪពុក​ខ្ញុំ ហើយ​ក៏បាន​ប្រយុទ្ធ​ជាមួយ​ឃុន​សាម​ឆន់​នៅលើ​ខ្នង​ដំរី​។ (​ខ្ញុំ​បាន​វាយលុក​ដំរី​របស់គាត់​ដែលមាន​ឈ្មោះថា មាស​មឿង ដោយបាន​ទទួលជោគជ័យ​លើ ឃុន​សាម​ឆន់​)​។ ដូច្នេះ​ឪពុក​ខ្ញុំ​ក៏បាន​តាំង​ឈ្មោះ​ខ្ញុំ​ថា ព្រះរាម​កំហែង ពីព្រោះ​ខ្ញុំ​បាន​ច្បាំង​ឈ្នះ​ដំរី​របស់​របស់​ឃុន​សាម​ឆន់​។
នៅពេលដែល​ឪពុក​ខ្ញុំ​នៅរស់ ខ្ញុំ​បាន​បម្រើ​គាត់​និង​ម្តាយ​ខ្ញុំ​បាន​យ៉ាង​ល្អ​។ នៅពេល​ខ្ញុំ​ចាប់បាន​សត្វព្រៃ ឬ​ត្រី​ខ្ញុំ​តែងតែ​យកទៅ​ជូន​ឪពុក​ខ្ញុំ ទោះ​ផ្លែឈើ​ជូរ​ក្តី ផ្អែម​ក្តី​ក៏​ខ្ញុំ​យកទៅ​ជូន​គាត់​ជានិច្ច​។ ហើយ​នៅពេលដែល​ខ្ញុំ​ទៅ​វាយ​ភូមិ​ស្រុក ឬ​ទីក្រុង​ណាមួយ ខ្ញុំ​រមែងតែ​ប្រមូល​ដំរី​, ប្រុស​, ស្រី ប្រាក់ មាស ដើម្បី​យក​ជូន​ឪពុក​ខ្ញុំ​ទាំងអស់​។ ក្រោយពេល​ឪពុក​ខ្ញុំ​ស្លាប់ ខ្ញុំ​នៅសល់តែ​បងប្រុស តែ​ខ្ញុំ​នៅតែ​បម្រើ​គាត់​ដូច​បាន​បម្រើ​ឪពុក​ខ្ញុំ​ដែរ​។ នៅពេល​បងប្រុស​ខ្ញុំ​ស្លាប់​ទៀត ព្រះរាជ​នគរ​ទាំងមូល​ក៏បាន​ធ្លាក់​មកលើ​ខ្ញុំ​ទាំងអស់​។​
តាមរយៈ​ខ្លឹមសារ​នៃ​សិលាចារឹក​នេះ ថ្វីត្បិតតែ​ពុំបាន​សរសេរ​ដោយ​ពាក្យកាព្យ​ឃ្លោង​តាម​ក្រឹត្យក្រម​នៃ​កាព្យ​សំស្ក្រឹត​ក៏ដោយ ក៏​អាច​ឲ្យ​គេ​ដឹងថា កតញ្ញូ​ធម៌​និង​ស្វាមីភក្តិ​របស់​ព្រះមហាក្សត្រ​ថៃ ព្រះរាម​កំហែង​ចំពោះ​បិតា​មាតា មាន​កម្រិត​ខ្ពស់បំផុត​។ ក៏ប៉ុន្តែ​បើ​យើង​ធ្វើការ​ប្រៀបធៀប​អត្ថបទ​នេះ​ជាមួយ​ខ្លឹមសារ​អត្ថបទ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​១ ក៏​អាច​ឲ្យ​យើង​ឃើញ​នូវ​ភាពស្រដៀងគ្នា ស្តីពី​ភក្តីភាព​គ្មាន​ព្រំដែន​របស់​នាម៉ឺន​សព្វ​មុខមន្ត្រី​ខ្មែរ ចំពោះ​ជាតិ​និង​ព្រះមហាក្សត្រ​ជំនាន់​នោះ​។​
គួរ​បញ្ជាក់ថា ពាក្យ​កំហែង​គឺជា​ពាក្យ​ខ្មែរ​បុរាណ​សំដៅ​មេទ័ព​ហនុមាន នៅក្នុង​រឿង​រាមកេរ្តិ៍​ដែល​អង់អាច​ក្លាហាន​កប់​កំពូល​។ តាម​ការពិនិត្យ​នឹង​ស្រាវជ្រាវ​ស្តីពី​តួអក្សរ​របស់​ព្រះបាទ​រាម​កំហែង ដែល​ចារ​ឡើង​ដោយ​ផ្ទាល់ដៃ​នេះ បាន​វិភាគ​ថា អក្សរ​ថៃ​នេះ​ត្រូវបាន​បង្កើតឡើង​តាម​អក្សរ​ខ្មែរ មិន​ខុសគ្នា​ពី​តួអក្សរ​ខ្មែរ ដែល​កាលពី​សម័យ​នោះ​ចម្លង​តាម​ប្រទេស​ឥណ្ឌា ប៉ុន្តែ​តួអក្សរ​ថៃ​ដែល​យកតាម​តួអក្សរ​ខ្មែរ ក្នុងសម័យ​ប្រវត្តិសាស្ត្រ​ដំបូង​របស់ខ្លួន​នោះ គឺ​មិនមាន​សក់ និង​ជើង​ត្រួត​លើ​គ្នា ដូច​តួអក្សរ​ខ្មែរ​ឡើយ ទាំងនេះ​គឺ​ដោយសារ​ទេពកោសល្យ​របស់​ជនជាតិ​ថៃ​។ កត្តា​ដែល​នាំ​ឲ្យ​ថៃ​បង្កើត​អ្វី​ឲ្យ​ខុសពី​ខ្មែរ ដោយសារតែ​គេ​មានគំនិត​ប្រឆាំងនឹង​អ្វី​ដែលជា​កម្មសិទ្ធិ​របស់​ខ្មែរ​។​ម្យ៉ាងវិញទៀត អាច​និយាយបានថា ជាការ​ធម្មតា​ទេ អ្នកកាន់អំណាច​ថៃ គេ​ចង់​រំដោះខ្លួន​ចេញពី​ខឿនវប្បធម៌​ម្ចាស់​ស្រុក​។ ដូច្នោះ​ហើយ​បានជា​ក្នុង​វិស័យ​ស្ថាបត្យកម្ម​សិល្បៈ គេ​សង្កេតឃើញ​ដែរ​នូវ​លក្ខណៈ​ខុសស្រឡះ​ពីគ្នា រវាង​ព្រះភ័ក្ត្រ​នៃ​ព្រះ​ពុទ្ធបដិមា​ថៃ និង​ខ្មែរ​។ នេះ​គឺជា​ចំណុច​ចាប់ផ្តើម​នៅ​ខេត្ត​សុខោទ័យ អតីត​ខេត្ត​ខ្មែរ​នា​សម័យអង្គរ​៕​

Monday, September 25, 2017

Prime minister List

តើនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ មានប៉ុន្មានរូប ចាប់ពីឆ្នាំ ១៩៤៥ ដល់បច្ចុប្បន្ន?
នាយករដ្ឋមន្ត្រី​​នៃព្រះរាជាណាចក្រកម្ពុជា​ គឺជាអ្នកដឹកនាំរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ចាប់តាំងពី១៩៤៥ មកដល់ពេលបច្ចុប្បន្ន កម្ពុជាបានឆ្លងកាត់របបជាច្រើនហើយក៏ដូចជាអ្នកដឹកនាំប្រទេសផងដែរ។ នាយករដ្ឋមន្ត្រី​​កម្ពុជាមាន ៣៦រូប ដែលប្រជាជនកម្ពុជាខ្លះមិនទាន់ស្គាល់អស់នៅឡើយ។ ថ្ងៃនេះគេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង សូមលើកបង្ហាញជូនប្រិយមិត្តដើម្បីជាចំណេះដឹងបន្ថែមដូចតទៅ៖
1-1945-1945
សម្តេចព្រះបាទនរោត្ដម សីហនុ
 ឆ្នាំកំណើតនិងមរណភាព (១៩២២ - ២០១២) ជានាយករដ្ឋមន្ត្រីចាប់ពី ១៨ មីនា ១៩៤៥ ដល់ ១២ សីហា ១៩៤៥។
2-1945-1945
សឺង ង៉ុកថាញ់ ឆ្នាំកំណើតនិងមរណភាព (១៩០៨–១៩៧៧)​ ជានាយករដ្ឋមន្ត្រីចាប់ពី ១៤ សីហា ១៩៤៥ ដល់ ១៦ តុលា ១៩៤៥។
3-1945-1946
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ឆ្នាំកំណើតនិងមរណភាព (1909–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ១៧ តុលា ១៩៤៥ ដល់ ១៥ ធ្នូ ១៩៤៦។
4-1946-1947
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ (អង្គអេង) យុត្តិវង្ស ឆ្នាំកំណើតនិងមរណភាព (1913–1947) ជានាយករដ្ឋមន្ត្រីចាប់ពី ១៥ ធ្នូ ១៩៤៦ ដល់ ១៥ កក្កដា ១៩៤៧។
5-ព្រះអង្គស៊ីសុវត្ថិ វ័ឆ្ឆាវង្ស ឆ្នាំកំណើតនិងមរណភាព (1891–1972) ជានាយករដ្ឋមន្ត្រីចាប់ពី ២៥ កក្កដា ១៩៤៧ ដល់ ២០​ កុម្ភៈ ១៩៤៨។
6-ឈាន វ៉ម​ ឆ្នាំកំណើតនិងមរណភាព(1916–2000) ជានាយករដ្ឋមន្ត្រីចាប់ពី ២០ កុម្ភៈ ១៩៤៨ ដល់ ១៤ សីហា ១៩៤៨។
7-សម្តេច ប៉ែន នុត ឆ្នាំកំណើតនិងមរណភាព(1906–1985)​ ជានាយករដ្ឋមន្ត្រីចាប់ពី ១៥ សីហា ១៩៤៨ ដល់​ ២១ មករា ១៩៤៩។
8-យ៉ែម សំបូរ ឆ្នាំកំណើតនិងមរណភាព(1913–1989) ជានាយករដ្ឋមន្ត្រីចាប់ពី ១២​ កុម្ភៈ ១៩៤៩ ដល់ ២០ កញ្ញា ១៩៤៩។
9-អៀវ កើស ឆ្នាំកំណើតនិងមរណភាព(1905–1950) ជានាយករដ្ឋមន្ត្រីចាប់ពី ២០ កញ្ញា ១៩៤៩ ដល់ ២៩ កញ្ញា ១៩៤៩។
10-យ៉ែម សំបូរ (ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព​(1913–1989) ជានាយករដ្ឋមន្ត្រីចាប់ពី ២៩ កញ្ញា ១៩៤៩ ដល់ ២៨ មេសា ១៩៥០។
11-សម្តេចព្រះបាទ នរោត្ដម សីហនុ (ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ២៨ មេសា​១៩៥០ ដល់ ៣០ ឧសភា​ ១៩៥០។
12-ព្រះអង្គស៊ីសុវត្ថិ មុនីពង្ស ឆ្នាំកំណើតនិងមរណភាព(1912–1956) ជានាយករដ្ឋមន្ត្រីចាប់ពី ៣០ ឧសភា ១៩៥០ ដល់ ៣ មីនា ១៩៥១។
13-អ៊ុម ឈាងស៊ុន ឆ្នាំកំណើតនិងមរណភាព(1900–1963) ជានាយករដ្ឋមន្ត្រីចាប់ពី ១៣ ឧសភា១៩៥១ ដល់ ១២ កញ្ញា ១៩៥១។
14-ហ៊ុយ កន្ធុល ឆ្នាំកំណើតនិងមរណភាព(1909–1991)​​ ជានាយករដ្ឋមន្ត្រីចាប់ពី ១៣ កញ្ញា ១៩៥១ ដល់ ១៦ មិថុនា ១៩៥២។
15-សម្តេចព្រះបាទ នរោត្ដម សីហនុ(ជាលើកទី3)​ ឆ្នាំកំណើតនិងមរណភាព(1922–2012)​ជានាយករដ្ឋមន្រ្តីចាប់ពី ១៦ មិថុនា ១៩៥២ ដល់ ២៤ មករា ១៩៥៣។
16-សម្តេច ប៉ែន នួត(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ២៤ មករា ១៩៥៣ ដល់ ៩ វិចិ្ឆកា ១៩៥៣។
17-សម្តេច ប៉ែន នុត(ជាលើកទី៣) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ៩ វិចិ្ឆកា ១៩៥៣ ដល់ ២២ វិចិ្ឆកា ១៩៥៣។
18-ចាន់ ណាក ឆ្នាំកំណើតនិងមរណភាព(1892–1954) ជានាយករដ្ឋមន្ត្រីចាប់ពី ២៣ វិចិ្ឆកា ១៩៥៣ ដល់ ៧ មេសា ១៩៥៤។
19-សម្តេចព្រះបាទ នរោត្ដម សីហនុ(ជាលើកទី៤) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ៧ មេសា ១៩៥៤ ដល់ ១៨ មេសា ១៩៥៤។
20-សម្តេច ប៉ែន នុត(ជាលើកទី៤) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៨ មេសា​ ១៩៥៤ ដល់ ២៦ មករា ១៩៥៥។
22-ឡេង ង៉ែត ឆ្នាំកំណើតនិងមរណភាព(1900–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ២៦មករា ១៩៥៥ ដល់ ៣ តុលា ១៩៥៥។
23-សម្តេចព្រះបាទ នរោត្ដម សីហនុ(ជាលើកទី៥) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ៣ តុលា ១៩៥៥ ដល់ មករា ១៩៥៦។
24-អ៊ុម ឈាងស៊ុន(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1900–1963) ជានាយករដ្ឋមន្ត្រីចាប់ពី ៥ មករា ១៩៥៦ ដល់ ២៩ កម្ភៈ ១៩៥៦។
25-ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើលទី៦) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ១ មីនា ១៩៥៦ ដល់ ២៤ មីនា ១៩៥៦។
26-ឃឹម ទិត ឆ្នាំកំណើតនិងមរណភាព(1896–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ៣ មេសា ១៩៥៦​ ដល់ ២៩ កកដ្ដា ១៩៥៦។
27-ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើកទី៧) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ១៥​ កញ្ញា ១៩៥៦ ដល់ ១៥ តុលា ១៩៥៦។
28-សាម យុន ឆ្នាំកំណើតនិងមរណភាព(1905–1974) ជានាយករដ្ឋមន្ត្រីចាប់ពី ២៥ តុលា ១៩៥៦ ដល់ ៩ មេសា ១៩៥៧។
29-ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើកទី៨) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ៩ មេសា ១៩៥៧ ដល់ ៧ កកដ្ដា ១៩៥៧។
30-ស៊ីម វ៉ា ឆ្នាំកំណើតនិងមរណភាព(1906–1989) ជានាយករដ្ឋមន្ត្រីចាប់ពី ២៦ កក្កដា ១៩៥៧ ដល់ ១១ មករា ១៩៥៨។
31-ឯក យីអ៊ុន ឆ្នាំកំណើតនិងមរណភាព(1910–2013) នាយករដ្ឋមន្ត្រីចាប់ពី ១១ មករា ១៩៥៨ ដល់ ១៧ មករា ១៩៥៨។
32-សម្តេច ប៉ែន នុត(ជាលើកទី៥)​ ​ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៧​ មករា ១៩៥៨ ដល់ ២៤ មេសា ១៩៥៨។
33-ស៊ីម វ៉ា(ជាលើកទី២)​ ឆ្នាំកំណើតនិងមរណភាព(1906–1989) ជានាយករដ្ឋមន្ត្រីចាប់ពី ២៤ មេសា ១៩៥៨ ដល់ ១០ កក្កដា ១៩៥៨។
34-ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើកទី៩) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ១០ កក្កដា ១៩៥៨ ដល់ ១៩ មេសា ១៩៦០។
35-ផូ ព្រឿង ឆ្នាំកំណើតនិងមរណភាព(1903–c.1975) ជានាយករដ្ឋមន្ត្រីចាប់ពី ១៩ មេសា ១៩៦០ ដល់ ២៨ មករា ១៩៦១។
36-សម្តេច ប៉ែន នុត(ជាលើកទី៦) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ២៨ មករា ១៩៦១ ដល់ ១៧ វិចិ្ឆកា ដល់ ១៧ វិចិ្ឆកា ១៩៦១។
37-ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើកទី១០) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្រ្តីចាប់ពី ១៧ វិចិ្ឆកា ១៩៦១ ដល់ ១៣ កុម្ភៈ ១៩៦២។
38-ញ៉ឹក ជូឡុង ឆ្នាំកំណើតនិងមរណភាព(1908–1996) ជានាយករដ្ឋមន្ត្រីស្តីទីចាប់ពី ១៣​ កុម្ភៈ ១៩៦២ ដល់ ៦ សីហា ១៩៦២។
39-ចៅសែន កុសល ឈុំ ឆ្នាំកំណើតនិងមរណភាព(1905–2009) ជានាយករដ្ឋមន្ត្រីស្តីទីចាប់ពី ៦ សីហា ១៩៦២ ដល់ ៦ តុលា ១៩៦២។
40-ព្រះអង្គនរោត្តម កន្តុល ឆ្នាំកំណើតនិងមរណភាព(1920–1976)នាយករដ្ឋមន្ត្រីចាប់ពី ៦ តុលា ១៩៦២ ដល់ ២៥ តុលា ១៩៦៦។
41-សឺន សាន ឆ្នាំកំណើតនិងមរណភាព(1911–2000) ជានាយករដ្ឋមន្ត្រីចាប់ពី ១ ឧសភា ១៩៦៧ ដល់ ៣១ មករា ១៩៦៨។
42-សម្តេច ប៉ែន នុត(ជាលើកទី៧) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ៣១ មករា ១៩៦៨ ដល់ ១៤ សីហា ១៩៦៩។
43-លន់ នល់(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1913–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៤ សីហា ១៩៦៩ ដល់ ៩ តុលា ១៩៧០។
44-លន់ នល់(ជាលើកទី៣) ឆ្នាំកំណើតនិងមរណភាព(1913–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ៩ តុលា ១៩៧០ ដល់ ១១ មីនា ១៩៧១។
45-ព្រះអង្គស៊ីសុវត្ថិ សិរិមតៈ ឆ្នាំកំណើតនិងមរណភាព(1914–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ១១ មីនា ១៩៧១ ដល់ ១៨ មីនា ១៩៧២។
46-សឺង ង៉ុកថាញ់(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1908–1977) ជានាយករដ្ឋមន្ត្រីចាប់ពី ១៨ មីនា ១៩៧២​ ដល់ ១៥ តុលា ១៩៧២។
47-ហង្ស ធុនហាក់ ឆ្នាំកំណើតនិងមរណភាព(1924–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ១៥ តុលា ១៩៧២ ដល់ ៦ ឧសភា ១៩៧៣។
48-អិុន តាំ ឆ្នាំកំណើតនិងមរណភាព(1916–2006) ជានាយករដ្ឋមន្ត្រីចាប់ពី ៦ ឧសភា ១៩៧៣ ដល់ ៩​ ធ្នូ១៩៧៣។
49-ឡុង បូរ៉េត ឆ្នាំកំណើតនិងមរណភាព(1933–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ២៦ ធ្នូ ១៩៧៣ ដល់ ១៧ មេសា ១៩៧៥។
50-សម្តេច ប៉ែន នុត(ជាលើកទី៏៨) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៧ មេសា ១៩៧៥ ដល់ ៤ មេសា ១៩៧៦។
52-ខៀវ សំផន ឆ្នាំកំណើតនិងមរណភាព(1931– ) ជានាយករដ្ឋមន្ត្រីស្តីទីចាប់ពី ៤ មេសា ១៩៧៦ ដល់ ១៤ មេសា ១៩៧៦។
53-ប៉ុល ពត ឆ្នាំកំណើតនិងមរណភាព(1925–1998) ជានាយករដ្ឋមន្ត្រីចាប់ពី ១៤ មេសា​១៩៧៦ ដល់ ២៧ កញ្ញា ១៩៧៦។
54-នួន ជា ឆ្នាំកំណើតនិងមរណភាព​​ (1926– ) ជានាយករដ្ឋមន្ត្រីចាប់ពី ២៧​ កញ្ញា ១៩៧៦ ដល់ ២៥ តុលា ១៩៧៦
55-ប៉ុល ពត(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1925–1998) ជានាយករដ្ឋមន្ត្រីចាប់ពី ២៥ តុលា ១៩៧៦ ៧ មករា ១៩៧៩
56-សម្តេច ហេង សំរិន ឆ្នាំកំណើតនិងមរណភាព(1934) ជាប្រធានក្រុមប្រឹក្សាបដិវត្តន៍ប្រជាជន(នាយករដ្ឋមន្ត្រីជាក់ស្ដែង)ចាប់ពី ៧ មករា ១៩៧៩ ដល់ ២៧ មិថុនា ១៩៨១។
57-ប៉ែន សុវណ្ណ ឆ្នាំកំណើតនិងមរណភាព(1939– ) ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់ពី ២៧ មិថុនា ១៩៨១ ដល់ ៥​ វិចិ្ឆកា ១៩៨១។
58-ចាន់ ស៊ី ឆ្នាំកំណើតនិងមរណភាព(1932–1984) ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់ពី ៥ វិចិ្ឆកា ១៩៨១ ដល់ ២៦ វិចិ្ឆកា ១៩៨៤។
59-សម្តេច ហ៊ុន សែន ឆ្នាំកំណើតនិងមរណភាព(1951– ) ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់ពី ១៤ មករា ១៩៨៥ ដល់ ១ ឧសភា ១៩៨៥ ដល់ ១ ឧសភា ១៩៨៩។
60-សម្តេច ហ៊ុន សែន(ជាលើកទី២) ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់ពី ១ ឧសភា ១៩៨៩ ដល់ ​២​ កក្កដា ១៩៩៣​។
61-សម្តេច ហ៊ុន សែន(ជាលើកទី៣) ជានាយករដ្ឋមន្ត្រី Coequal Prime Minister ចាប់ពី ២ កក្កដា ១៩៩៣         ដល់ ២១ កញ្ញា ១៩៩៣។
62-សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឆ្នាំកំណើតនិងមរណភាព(1944– ) ជានាយករដ្ឋមន្ត្រី Coequal Prime Minister ចាប់ពី ២ កក្កដា ១៩៩៣ ដល់ ២១ កញ្ញា ១៩៩៣។
63-សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1944– ) ជានាយករដ្ឋមន្ត្រីទីមួយ First Prime Minister ចាប់ពី ២១ កញ្ញា ១៩៩៣ ដល់ ២៤ កញ្ញា ១៩៩៣។
64-សម្តេច ហ៊ុន សែន(ជាលើកទី៤) ឆ្នាំកំណើតនិងមរណភាព (1951– ) ជានាយករដ្ឋមន្ត្រីទីពីរ Second Prime Minister ចាប់ពី ២១ កញ្ញា ១៩៩៣ ដល់ ២៤ កញ្ញា ១៩៩៣។
65-សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ(ជាលើកទី៣) ឆ្នាំកំណើតនិងមរណភាព(1944– ) ជានាយករដ្ឋមន្ត្រីទីមួយ First Prime Minister ចាប់ពី ២៤ កញ្ញា ១៩៩៣​ ដល់ ៦ កក្កដា ១៩៩៧។
66-សម្តេច ហ៊ុន សែន(ជាលើកទី៥) ឆ្នាំកំណើតនិងមរណភាព (1951– ) ជានាយករដ្ឋមន្ត្រីទីពីរ Second Prime Minister ចាប់ពី ២៤ កញ្ញា ១៩៩៣ ដល់ ៦ កក្កដា ១៩៩៧។
67-អ៊ឹង ហួត ឆ្នាំកំណើតនិងមរណភាព (1947– ) ជានាយករដ្ឋមន្ត្រីទីមួយ First Prime Minister ចាប់ពី ១៦ កក្កដា ១៩៩៧ ដល់ ៣០ វិចិ្ឆកា ១៩៩៨។
68-សម្តេច ហ៊ុន សែន(ជាលើកទី៦) ឆ្នាំកំណើតនិងមរណភាព (1951– ) ជានាយករដ្ឋមន្ត្រីទីពីរ Second Prime Minister ចាប់ពី ៦ កក្កដា​ ១៩៩៧ ដល់ ៣០ វិចិ្ឆកា ១៩៩៨។
69-សម្តេច ហ៊ុន សែន(ជាលើកទី7) ឆ្នាំកំណើតនិងមរណភាព (1951– ) ជានាយករដ្ឋមន្ត្រីចាប់ពី ៣០ វិចិ្ឆកា ១៩៩៨ ដល់ បច្ចុប្បន្ន៕

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ៖
នៅពេលយើងធ្វើដំណើរតាមផ្លូវពីអាងទឹកអូឡាំពិក ឆ្ពោះត្រង់ទៅកាន់ស្ទឹងមានជ័យ វិថីដែលយើងកំពុងធ្វើដំណើរនោះមានឈ្មោះថា វិថីព្រះមុនីរ៉េត ។ តែមានមនុស្សមិនច្រើនទេដែលដឹងថាព្រះមុនីរ៉េតជានរណា ។
ព្រះមុនីរ៉េតគឺជាបុត្រាច្បងរបស់ព្រះបាទមុនីវង្ស មាតាព្រះនាម នរោត្តម កាញ្ចនវិមាន នរល័ក្ខណទេវី ។ ទ្រង់ប្រសូតនៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ១៩០៩ ព្រះអង្គត្រូវជាឪពុកមា សាច់ខាងម្តាយរបស់ព្រះបាទនរោត្តមស៊ីហនុ ព្រះបរមរតនៈកោដ្ឋរបស់យើងនេះឯង ។ ព្រះមុនីរ៉េតគឺជាមនុស្សម្នាក់ដែលបានរៀនជ្រៅជ្រះ ទ្រង់បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅទីក្រុងនីសប្រទេសបារាំង ហើយបន្តការសិក្សានៅសាលាយោធាបារាំង ។ ទ្រង់បានត្រឡប់មកមាតុភូមិវិញក្នុងឆ្នាំ ១៩៣៤ ចូលបំរើជាអគ្គលេខាធិការ ព្រះបរមរាជវាំង ហើយបានបង្កើតក្រុមខេមរកាយរិទ្ធដំបូងនៅកម្ពុជា ក្នុងសម័យអាណានិគមន៏បារាំង ។ ក្នុងសង្រ្គាមលោកលើកទី២ ព្រះអង្គបានចូលបំរើកងទព័បារាំងមានឋានន្តរសក្តិ អនុសេនីយ៍ទោ ក្នុងកងអាកាសប្រទេសបារាំង ក្នុងឆ្នាំ១៩៣៩។ ព្រះមុនីរ៉េតជាបេក្ខភាពបំរុងសំរាប់ស្នងរាជ្យបន្តពីព្រះបីតាទ្រង់ព្រោះទ្រង់ជាបុត្រាច្បង ហើយមានចំណេះដឹងជ្រៅជ្រះ។ ប៉ុន្តែដោយព្រះអង្គមិនសូវចុះសម្រុងជាមួយរដ្ឋបាលបារាំងដែលដាក់អាណានិគមន៏ ពេលព្រះបីតាទ្រង់សោយព្រះទីវង្គត ទេសាភិបាលបារាំងក៏បានជ្រើសរើស ព្រះនរោត្តមស៊ីហនុដែលត្រូវជាក្មួយទ្រង់ មកសោយរាជ្យជំនួសវិញដែលខុសពីទម្លាប់ប្រពៃណី ខណៈដែលព្រះនរោត្តមស៊ីហនុនៅវ័យជំទង់ស្ថិតក្នុងការសិក្សានៅឡើយ។ ក្នុងសំណេររបស់ព្រះបាទនរោត្តមសីហនុក្នុងសៀវភៅ« អនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់» ទ្រង់បានរៀបរាប់ថា ទ្រង់គ្មានបំណងចង់សោយរាជ្យនោះឡើយ ហើយក៏បានប្រកែកជាមួយមាតាបីតាទ្រង់ តែត្រូវមាតាបីតាទ្រង់អង្វអោយទទួលយកតួនាទីនេះ។ ក្រោយបារាំងជ្រើសរើសព្រះនរោត្តមស៊ីហនុ អោយឡើងគ្រងរាជ្យមក ព្រះមុនីរ៉េតក៏បានទទួលតំណែងជានាយករដ្ឋមន្រ្តីនិង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ-ការពារជាតិ (១៩៤៥-១៩៤៦) និងជាប្រធានឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក (១៩៦០)។
ព្រះអង្គបានភៀសព្រះកាយនិងក្រុមគ្រួសារចូលទៅស្ថានទូតបារាំងដើម្បីសុំសិទ្ធជ្រកកោនពេលដែលខ្មែរក្រហមចូលកាន់កាប់រាជធានីភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥ ប៉ុន្តែត្រូវពួកខ្មែរក្រហមចាប់យកពីស្ថានទូតបារាំងដូចពលរដ្ឋខ្មែរដទៃយកទៅសម្លាប់នៅពេលជាមួយគ្នានោះ ។

(ប្រភព វីគីភេឌា )

Friday, September 22, 2017

ឧទ្យានជាតិ​ ព្រះ​មុនីវង្ស​(​ភ្នំបូកគោ)

ព្រះរាជដំណាក់ ព្រះ​ករុណា​ ព្រះបាទ សុីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ ឧទ្យានជាតិ​ ព្រះ​មុនីវង្ស​(​ភ្នំបូកគោ) ទីឋានសោយព្រះទីវង្គត
បើយេីងនិយាយពីរឿងភ្នំបូកគោ ឯទឹកដីខេត្តកំពតនោះ ទីនេះមានប្រវត្តិដិតដាមច្រើនណាស់ជាមួយនិងអតីតព្រះមហាក្ស័ត្រខ្មែរ ព្រះករុណា ព្រះបាទ​ សុីសុវត្ថិ មុនីវង្ស ឬ ហ្លួងខត្តិយកោដ្ឋ ព្រះរាជអយ្យកោទួត​ នៃព្រះមហាក្សត្រយើងសព្វថ្ងៃនេះ គឺព្រះ​ករុណា​ ព្រះបាទសម្តេចព្រះ​បរមនាថ​ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​។
ភ្នំបូកគោ នាអតីតកាល គឺប្រាកដណាស់ជាស្ថានសួគ៌មួយរបស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា។​ សម្បត្តិនៃផែនដីសុវណ្ណភូមិ ជាទីដែលព្រះ​ករុណា​ ព្រះបាទ​ សុីសុវត្ថិ មុនីវង្ស ទ្រង់គង់ប្រថាប់សម្រាកព្រះកាយរហូតដល់ទ្រង់យាងចូលព្រះទីវង្គត ដោយសារតែទ្រង់ឈឺចាប់ និងតូចព្រះទ័យ ដែលប្រទេសសៀមកាលណុះ តែងតែទន្ទ្រានម្ដងហើយម្ដងទៀត ឈ្លានពាន និងដណ្ដើមយកទឹកដីកម្ពុជាប្រទេស ដោយមានប្រទេសជប៉ុន គាំទ្រ។

តាមប្រវត្តិសាស្ត្របានឲ្យដឹងថា នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀម ដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុតបានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកទៅវិញនូវខេត្ដបាត់ដំបង និងទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥។

ដោយឈឺព្រះទ័យនឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាព ត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ សុីសុវត្ថិ​ មុនីវង្ស ទ្រង់សោយទីវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅលើភ្នំបូកគោនេះឯង ក្នុងព្រះជន្មាយុ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។

មុនពេលព្រះអង្គយាងសោយព្រះទីវង្គត​ ព្រះអង្គមិន​សព្វព្រះរាជហឫទ័យ​ សោយអ្វីឡេីយ ហេីយព្រះរាជវង្សានុវង្សទាំងអស់ក៏មិនឲ្យចូល​ក្រាប​បង្គំ​គាល់​ឡេីយ ដោយទា្វរព្រះរាជដំណាក់នេះ ត្រូវបានបិទទា្វររហូតដល់ព្រះអង្គយាងសោយព្រះទីវង្គតតែម្តង៕

Saturday, September 16, 2017

«​វត្ត​កំពង់ព្រះ​» ខេត្តកំពង់ឆ្នាំង

«​វត្ត​កំពង់ព្រះ​» ខេត្តកំពង់ឆ្នាំង និង​រឿងរ៉ាវ​ទាក់ទង​នឹង​ក្រពើ​អាធន និង​ក្រពើ​ឆា​រ៉ា​វ៉ាន់ មក​រំឭក​គុណគ្រូ និង​ពុល​ទឹក​នៅ​ទីនោះ​
មាន​មនុស្សម្នា​ក់បាន​ដំណាល​រឿងរ៉ាវ​មួយចំនួន ដែល​ពាក់ព័ន្ធ​ជាមួយ​ភូមិសាស្ត្រ​។ វត្ត​កំពង់ព្រះ​នោះ​គឺ …​តំបន់​ស្ថានីយ៍​ឧ​ត្តុ​និយម និង​ធារាសាស្ត្រ របស់​បុព្វបុរស​ដូនតា​ខ្មែរ តាំងពី​រាប់ពាន់​ឆ្នាំ​មកហើយ​។ ទោះបី «​បឹង​ទន្លេសាប​» ក្លាយជា​សមុទ្រ​ទឹកសាប​នៅ​រដូវវស្សា និង​ជន់​លិចលង់​តំបន់ ជុំវិញ​បឹង​ទន្លេសាប​ក៏ដោយ ក៏​តំបន់​វត្ត​កំពង់ព្រះ មិន​លិចលង់​ជន់​ជោរ​ដែរ​។​ពិសេស​គឺ អណ្តូង​បុរាណ​មួយ នៅ​ជិត​វត្ត​នោះ​។ ប្រាសាទ និង​វត្ត​កំពង់ព្រះ​នេះ គឺ​ដូចគ្នា​នឹង ប្រាសាទមេបុណ្យខាងលិច នៅ​កណ្តាល​បារាយណ៍ទឹកថ្លា ខេត្តសៀមរាប​ដែរ គឺជា​ស្ថានីយ៍​ឧ​ត្តុ​និយម​សម្រាប់​តាមដាន កម្រិត​ទឹក​ឡើង​ស្រក ដើម្បី​គ្រប់គ្រង ធនធានទឹក​តាមរយៈ​ការ​វាស់​កម្រិត​ទឹក ក្នុង​អណ្តូង​បុរាណ​នោះ​។​
នៅ​មានរឿង​ចម្លែក​២​ទៀត វត្ត​កំពង់ព្រះ គឺជា​កន្លែង​ដែល​ក្រពើ​អាធន និង​ក្រពើ​ឆា​រ៉ា​វ៉ាន់​មក​សំចត និង​រំលឹក​គុណគ្រូ ព្រោះ​តំបន់​នៅ​ជិត​វត្ត​អារាម​នេះ​បន្តិច គេ​ហៅថា «​ក្រពើ​ពុល​» គឺ​ក្រពើ​អាធន និង​ក្រពើ​ឆា​រ៉ា​វ៉ាន់​ពុល​ទឹក​នៅ​ទីនោះ​។ វា​ហែល​មកដល់​វត្ត​កំពង់ព្រះ ទើប​វា​ធ្វើ​ពិធី​រំលឹក​គុណគ្រូ រួច​ទើប​ធ្វើដំណើរ​បន្តទៅទៀត​។ ឯ​រឿង​មួយទៀត គឺពាក់ព័ន្ធ​នឹង​ពាក្យ​ថា​«​ឆ្នុកទ្រូ​» ដែល​កាលពីមុន គេ​ហៅថា​«​ស្តុក​គ្រូ​» គឺ​បានន័យថា តំបន់​នេះ​ជា​តំបន់​លាក់ទុក​គ្រូធំៗ នៅទីនេះ​ច្រើនណាស់ ទើប​គេ​ហៅ​ទីនោះ​ថា «​ស្តុក​គ្រូ​» តែ​ចំណេរ​កាល​ក្រោយមក គេ​ហៅថា​«​ឆ្នុកទ្រូ​» វិញ ទៅតាម​ភូមិសាស្ត្រ​តំបន់ «​ក​-​បឹង​ទន្លេសាប​» ដើម្បី​លាក់ទុក​អាថ៌កំបាំង ប្រវត្តិសាស្ត្រ​មេឃ​ដី របស់​បុព្វបុរស​ខ្មែរ​យើង​។​
មាន​វត្ត​អារាម មាន​ប្រាង្គ​ប្រាសាទ គឺ​ច្បាស់​ជាមាន​ភូមិស្ថាន មាន​ប្រជាជន​រស់នៅ​។ បើ​មាន​ប្រជាជន​រស់នៅ ច្បាស់​ជាមាន​គ្រូបាធ្យាយ សិស្ស​គុន អ្នកចេះដឹង និង​អ្នក​ចម្បាំង កងទ័ព និង​ពល​រេ​ហ៍​ជាមិនខាន​។ នៅមាន​រឿងដំណាល​ជាច្រើន​ទៀត ដែល​ពាក់ព័ន្ធ​នឹង​អណ្តូង​បុរាណ ខ្សែទឹក​ក្នុង​និង​ខ្សែទឹក​ក្រៅ នៃ​បឹង​ទន្លេសាប​ជាប់មាត់​ច្រាំង​វត្ត​នេះ និង​បារមី​ប្រាសាទ​ស្រី ប្រាសាទ​ប្រុស និង​វត្ត​អារាម ដែល​បុព្វបុរស​យើង​បាន​កសាង​ទុក​តាំង​ពីមុន​សម័យអង្គរ​ទៅទៀត​!!!…៕

តេ​ជោ​មាស និង​តេ​ជោ​យ៉​ត

តេ​ជោ​មាស និង​តេ​ជោ​យ៉​ត គឺជា​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ឧ​ត្តុ​ង្គ តើ​មាស និង​យ៉​ត មាន​វិ​រ​ភាពខ្លាំង​យ៉ាងណា​ចំពោះ​នគរ​ទើប​ក្លាយជា​តេ​ជោ​?
ប្រភេទ​រឿង​៖ អត្ថបទ​ល្ខោនបាសាក់ (​នាដក​អក្សរសិល្ប៍​)
ចលនា​៖ ខេ​មរ​និយម​
អ្នកនិពន្ធ​៖ ទី ជី​ហួត ប្រចាំ​វិទ្យុ​ជាតិ
កាលកំណត់​តែង ៖ ១៩៨៣
សង្គម​បរិយាកាស​៖ ដំណើររឿង​ប្រព្រឹត្តទៅ​នៅក្នុង​សម័យ​ឧដុង្គ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​ចេស្តា (១៥៧៥ ដល់​១៥៩៣) គឺ​ពេលដែល​ប្រទេស​ខ្មែរ​ស្ថិតនៅក្នុង​ការទន្ទ្រាន​យាយី​ពី​បរទេស និង​ទំនាស់​ផ្ទៃក្នុង​ព្រះរាជវាំង​
សង្ខេប​រឿង​៖
នៅ​ដែន​កំពង់ស្វាយ​មាន​បុរស​ម្នាក់​ឈ្មោះ​មាស មាន​ងារ​ជា​ឧកញ៉ា​តេ​ជោ​បរម​រាជ​ដែល​គេ​ហៅថា តេ​ជោ​មាស​។ លោក​មាន​ភរិយា​ឈ្មោះ​ស្រែន្យ មាន​ងារ​ជា​ជំទាវ និង​មាន​សិស្ស​ឈ្មោះ​យ៉​ត ដែល​តែងតែ​ទៅ​សមរភូមិ​ប្រយុទ្ធ​ជាមួយនឹង​លោក​គ្រប់​ទីកន្លែង​។ ស្វាមីភរិយា​ទាំងពីរ​នេះ​មាន​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​យ៉​ត​ជា​ពន់ពេក​។ ស្តេច​សម្រែ​បាន​តាំងខ្លួន​ឯង​ថា "​សេ្ត​ច​សម្រែ​រាជា​ធិ​រាជ​" បាន​តាំងទី​កងទ័ព​នៅ​ដែន​កំពង់​ហៅ (​កំពង់ឆ្នាំង​) ដោយបាន​រៀបចំ​បន្ទាយ​មួយ​ឲ្យ​ឈ្មោះថា "​បន្ទាយ​នគរ​"​។ ស្តេច​សម្រែ​ជា​មេក្រុម​បះបោរ​ប្រឆាំងនឹង​ស្តេច​ព្រះ​ជ័យ​ចេស្តា ដើម្បី​ដណ្តើម​អំណាច​គ្រប់គ្រង​ផែនដី​។ តេ​ជោ​មាស និង​យ៉​ត​បាន​ព្យាយាម​លើកទ័ព​ទៅ​បង្ក្រាប​ក្រុម​បះបោរ​នេះ​ខ្លាំង​ណាស់ដែរ​តែ​ត្រូវ​បរាជ័យ​។ ជំទាវ​ស្រែន្យ​បានរៀបចំ​ល្បិចបញ្ឆោត​ឲ្យ​ស្តេច​សម្រែ​ធ្លាក់​ក្នុង​អន្លង់​ស្នេហា​ចំពោះ​រូបនាង ហើយ​បង្អកស្រា​រហូតដល់​ស្រវឹង​។ ស្តេច​សម្រែ និង​បក្សពួក​ត្រូវបាន​តេ​ជោ​មាស យ៉​ត និង​កងទ័ព​ចាប់​ទៅ​ថ្វាយ​ព្រះ​ចៅ​ជ័យ​ចេស្តា​កាត់ទោស​តាមច្បាប់​នគរ​។​
ក្រោយពី​បានទទួល​ជោគជ័យ​លើ​ស្តេច​សម្រែ​រួចមក តេ​ជោ​មាស​បានទទួល​អនិច្ចកម្ម​ទៅ​។ ព្រះរាជា​ក៏​ប្រទាន​ងារ​នេះ​ឲ្យ​ទៅ​តេ​ជោ​យ៉​ត​បំពេញ​នាទី​ដឹកនាំ​កងទ័ព​ជំនួស​។ តេ​ជោ​យ៉​ត​បានទទួល​រាជបញ្ជា និង​ដាវ​អាជ្ញាសឹក​ទៅ​បង្ក្រាប​ពួក​ឈ្លើយសឹក​បះបោរ​នៅ​ខេត្តពោធិ៍សាត់​។ ឆ្លងតាម​បទពិសោធ​របស់​ឧកញ៉ា​ចក្រី និង​ក្រឡាហោម​ទទួល​បរាជ័យ​ក្នុងការ​បង្ក្រាប​ឈ្លើយសឹក​នៅ​ទីនោះ​តេ​ជោ​យ៉​ត​បាន​រកឃើញថា​ការ​ចាញ់​សង្គ្រាម​នេះ​បណ្តាលមកពី​មាន​ខ្មាំង​នៅក្រោយ​ខ្នង​។ តេ​ជោ​យ៉​ត​បាន​បញ្ជា​កេណ្ឌ​ទ័ព​នៅ​លង្វែក កំពង់ស្វាយ ក្នុងនោះ​មាន​ម៉ឺន​ចៃ​ចុង​រ៉ា​ក់​ដែលជា​ប្អូនថ្លៃ​មហាក្សត្រ​ផងដែរ​។
ដើម្បី​ចាប់យក​ខ្មាំង​ខាងក្រោយ​ខ្នង តេ​ជោ​យ៉​ត​បាន​បញ្ជា​ឲ្យ​កងទ័ព​កំណែន​ទាំងអស់​អូស​ឫស្សី​បញ្ច្រាស​ចុង​ដើម្បី​កសាង​បន្ទាយ បើ​នរណា​ប្រឆាំង​ត្រូវ​សម្លាប់ចោល​។ បក្សពួក​ម៉ឺន​ចៃ​ចុង​រ៉ា​ក់​មិនបាន​ធ្វើតាម​បញ្ជា​នោះឡើយ ហើយ​ថែមទាំង​ធ្វើតាម​ទំនើងចិត្ត​របស់ខ្លួន​ព្រោះ​សំអាង​ទៅលើ​បងស្រី​ដែល​ធ្លាប់​ទទួល​សំណូក និង​ជា​អ្នក​ម្នាង​នៃ​ព្រះមហាក្សត្រ​នឹង​ជួយ​ឲ្យ​រួច​ពី​កំណែន​នេះ​។ ទង្វើ​នេះ​ត្រូវ​តេ​ជោ​យ៉​ត​រកឃើញថា​ម៉ឺន​ចៃ​ចុង​រ៉ា​ក់​នេះឯង​ជា​ខ្មាំង​ពីក្រោយ​ខ្នង ហើយក៏​ចាប់​យកទៅ​សម្លាប់ចោល​ទៅ​។ ក្រោយពី​បានទទួល​ដំណឹង​ថា​ប្អូនប្រុស​ស្លាប់​អ្នក​ម្នាង​នូ​បានទូល​ថ្វាយ​ព្រះរាជា​ឲ្យ​ចាប់​តេ​ជោ​យ៉​តទៅ​កាត់ទោស​ប្រហារជីវិត​។
ព្រះរាជា​បាន​ធ្វើតាម​ការសុំ​របស់​អ្នក​ម្នាង​នូ តែ​តេ​ជោ​យ៉​ត​មិន​បានមក​តាម​បញ្ជា​នោះឡើយ ដោយ​សំអាងថា​ខ្លួន​ជាប់ដៃ​បង្ក្រាបសត្រូវ​បះបោរ ចាំ​រួច​ការ​នេះ ខ្លួន​នឹង​មក​ទទួលទោស​ដោយ​ខ្លួនឯង​។ ដោយ​ការទទូច​សុំ​របស់​អ្នកមា្ន​ង​ខ្លាំងពេក ព្រះរាជា​បាន​បង្ខំ​ឲ្យ​តេ​ជោ​យ៉​ត​មកជួប​តទល់​ជាមួយ​អ្នក​ម្នាង​នូ​។ ពេល​កំពុង​ជជែក​គ្នា​នោះ តេ​ជោ​យ៉​ត​បាន​ចោទប្រកាន់ថា​អ្នក​ម្នាង​នូ​ជា​ខ្មាំង​ពីក្រោយ​ខ្នង ព្រោះ​បាន​រំខាន​ខ្លួន​ធ្វើសឹក បើកឱកាស​ឲ្យ​សត្រូវ​វាយលុក និង​ទទួល​សំណូក ដើម្បី​ការពារ​បក្សពួក​ម៉ឺន​ចៃ​ចុង​រ៉ា​ក់ ធ្វើ​ឲ្យ​កងទ័ព​បាក់​ស្មារតី ហើយក៏​គប់​កូន​ដាវ​សម្លាប់​អ្នក​ម្នាង​នូ​នាពេលនោះ​ទៅ​។ តេ​ជោ​យ៉​ត​ប្រកាស​ជម្រាប​មន្ត្រី​ទាំងនោះ​ថា​ចាំ​បង្ក្រាបសត្រូវ​រួចខ្លួន​នឹង​ចូលមក​ទទួលទោស​ពី​ព្រះអង្គ​ដោយ​ខ្លួនឯង​។​
ការបង្ក្រាប​ឈ្លើយ​សៀម​បះបោរ​បានសម្រេច​ជោគជ័យ តេ​ជោ​យ៉​ត​បាន​ឲ្យ​គេ​ធ្វើ​ឃ្នាង​ហើយ​ដាក់​ខ្លួនឯង​ដើរ​ចូលទៅ​ទទួលទោស​ពី​ព្រះរាជា​ពីបទ​ដែល​ខ្លួន​សម្លាប់​អ្នក​ម្នាង​នូ​។ ព្រះរាជា​មិន​ឲ្យ​ចូលជួប រួច​បញ្ជា​ឲ្យ​មន្ត្រី​ដោះលែង និង​ឲ្យ​ទៅ​ត្រួតត្រា​ការ​ឯ​ខេត្ត​កំពង់ស្វាយ​។ តេ​ជោ​យ៉​ត​បាន​គួច​ចិត្ត​ប៉ងប្រាថ្នា​យក​ជំទាវ​ស្រែន្យ​មក​ធ្វើជា​ភរិយា តែ​មិនបាន​សម្រេច​ទេ ព្រោះ​ជំទាវ​បានគិត​ថា​យ៉​ត​ជា​ជនជាតិភាគតិច ហើយ​ជា​សិស្ស​របស់​ប្តី​នាង​ពីមុន​ផងដែរ​។ ដោយ​សង្កេតឃើញ​ជំទាវ​រើសអើង​ស្នេហា​ប្រកាន់វណ្ណៈ​បែបនេះ តេ​ជោ​យ៉​ត​បាន​ប្រើល្បិច​លួច​យក​កាំជណ្តើរ​ផ្ទះ​ជំទាវ​ស្រែន្យ​មក​ឲ្យ​ជាង​ដាប់​ឆ្លាក់​ធ្វើជា​រូប​ព្រះពុទ្ធ​បដិមា និង​រូប​តេ​ជោ​មាស ហើយ​ប្រកាស​ធ្វើបុណ្យ​យ៉ាង​ធំ​បញ្ជូន​កុសល​ទៅ​គ្រូ​របស់ខ្លួន​។ ជំទាវ​ស្រែន្យ​បាន​ទៅ​ចូលរួម​ពិធី​នោះ ហើយ​ត្រូវបាន​តេ​ជោ​យ៉​ត​ប្រាប់​ការពិត​ថា​ថ្វាយបង្គំ​កាំជណ្តើរ​ផ្ទះ​របស់​ខ្លួនឯង​។ គ្រានោះ​ជំទាវ​ស្រែន្យ​យល់​ន័យ​នៃ​ទង្វើ​របស់​តេ​ជោ​យ៉​ត ហើយក៏​ព្រមព្រៀង​រៀបការ​ជាមួយ​តេ​ជោ​យ៉​ត​នាពេលនោះ​ទៅ​។​
ប្រធាន​រឿង​៖​វីរភាព​របស់់​បុព្វបុរស​ខ្មែរ​ក្នុង​បព្វ​ហេតុ​ជាតិ​មាតុភូមិ​ក៏ដូចជា​ព្រះមហាក្សត្រ​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​។ តេ​ជោ​យ៉​ត​ជា​តួអង្គ​តំណាង​ឲ្យ​មេទ័ព​ខ្មែរ​នៅ​សម័យ​ឧដុង្គ​ដែលមាន​គំនិត​ស្រឡាញ់​ជាតិ លើកតម្កើង​ជាតិ និង​ហ៊ាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​ដែល​ទង្វើ​នេះ​ជា​គម្រូ​មួយ​គួរ​ជាទី​មោទនៈ និង​ស្ញប់ស្ញែង​ក្រៃលែង​។​
មូលបញ្ហា​៖ ការបះបោរ​របស់​ស្តេច​សម្រែ​, ភាពឈ្លាសវៃ​របស់​ស្ត្រី (​ជំទាវ​ស្រែន្យ​), ការ​បោសសំអាត​ខ្មាំង​ក្រោយខ្នង​, សេចក្តីស្នេហា​របស់​តេ​ជោ​យ៉​ត និង​ជំទាវ​ស្រែន្យ​៕

Wednesday, September 13, 2017

ព្រះបាទ​ជ័យវរ្ម័ន​ទី​៤

ព្រះបាទ​ជ័យវរ្ម័ន​ទី​៤​កសាង​រូបចម្លាក់​ពាលី និង​សុគ្រីព នៅ​ប្រាសាទ​ចិន​ក្នុង​តំបន់​កោះ​កេរ​ដើម្បី​បំភ្លឺ​ប្រវត្តិសាស្ត្រ​លុបលាង​ការយល់ច្រឡំ​
ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ត្រូវជា​ប្អូនថ្លៃ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន​។ នៅពេលដែល​បុត្រ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន ឡើង​សាយ​រាជ្យ ព្រះអង្គ​បាន​ភៀស​ព្រះកាយ​ទៅ​សាង​ទីក្រុង​មួយ​នៅ​កោះ​កេរ នៅ​ឆ្នាំ​៩២១ រហូតដល់​បុត្រា​ពីរ​អង្គ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន សោយរាជ្យ​នៅ​យ​សោធរ​បុ​រៈ​សោយ​ទីវ​ង្គ​ត​។​
ទើប​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ ប្រកាស​ខ្លួន​ព្រះ​អង្គជា​ព្រះមហាក្សត្រ​។ ដោយមាន​រាជធានី​នៅ​កោះ​កេរ បាន​កសាង​ប្រាសាទ​ជាច្រើន និង​រួមមាន​រហាល ដែលជា​បារាយណ៍​ទឹក​ដ៏​ធំ​មួយ​ផងដែរ​។ អ្នកសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ បានចាត់ទុក​ព្រះអង្គ​ជា​ស្តេច​ជ្រែករាជ្យ តែមាន​ការសិក្សា​ថ្មីៗ​ទៀត​បង្ហាញថា​ព្រះអង្គ​ពិតជា​ជាប់​ខ្សែស្រឡាយ​រាជវង្ស ហើយ​មាន​សិទ្ធិ​ឡើង​សោយរាជ្យ​ដោយ​ស្របច្បាប់ មិនមែនជា​ស្តេច​ជ្រែក​រាជ​ឡើយ​។​
ប្រហែលជា​រូបភាព​របស់​ព្រះអង្គ​ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ​ក្នុងសម័យ​អង្គរ ក៏​មិន​ខុស​អ្វី​ពី​អ្នកសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​បច្ចុប្បន្ននេះ​ផងដែរ គឺថា​ព្រះ​អង្គជា​ក្សត្រ​ជ្រែករាជ្យ ដោយសារ​មូលហេតុ​នេះហើយ ដើម្បី​បង្ហាញ​អំពី​ភាពស្របច្បាប់ និង​ត្រឹមត្រូវ​ក្នុង​ការឡើង​សោយរាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​បាន​សាង​រូបសំណាក ចំបាប់​ពាលី និង​សុគ្រីព នៅ​ប្រាសាទ​ចិន ក្នុង​តំបន់​កោះ​កេរ ឈុត​នេះ​បង្ហាញថា​សុគ្រីព​ជា​តួអង្គ​ត្រឹមត្រូវ តែ​ត្រូវបាន​បងប្រុស​បង្កើត ដែលជា​ស្តេច​នគរ​ខាស់​ខិ​ន បណ្តេញ​ចេញពី​នគរ​ទាំង​អាម៉ាស់ ឲ្យ​ទៅ​រស់នៅ​ក្នុងព្រៃ​បណ្តាលមកពី​សុគ្រីព​យល់ច្រឡំ​បំបិទ​រូងភ្នំ នៅពេលដែល​ពាលី​វាយ​ឈ្នះ​ទូ​ភី​។ ដោយសារ​ភាពត្រឹមត្រូវ​របស់​សុគ្រីព ព្រះរាម​ដែលជា​អវតា​របស់​ព្រះ​វិស្ណុ​បានចេញ​មុខ​ជួយ​បាញ់សម្លាប់​ពាលី​ចោល ហើយ​លើក​សុគ្រីព​ឲ្យ​ឡើងជា​ស្តេច​នគរ​ខាស់​ខិ​ន ។​
ដូចគ្នានេះ រូបសំណាក​ជា​ក្រុម​ដ៏​ប្រណីត​មួយទៀត ដែល​ត្រូវបាន​តម្កល់​នៅ​ប្រាសាទ​កោះ​កេរ​នេះដែរ គឺ​ឈុត​ចំបាប់​ទុ​រ​យោ​ធន៍ និង​ភី​ម ដែល​រូបសំណាក​ទាំងនេះ​ត្រូវបាន​ឈ្មួញ​ទុច្ចរិត​លួច​យកទៅលក់​នៅ​បរទេស នៅក្នុង​ពេលដែល​ប្រទេស​ខ្មែរ​ស្ថិតនៅក្នុង​ភ្លើងសង្គ្រាម ហើយ​ទើបតែ​ត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ ឆ្លងកាត់​រឿងរ៉ាវ​ក្តីក្តាំ​មួយចំនួន​។ ឈុត​ចំបាប់​ទុ​រ​យោធ​ន៍ និង​ភី​ម​នេះ បង្ហាញ​ពី​តួអង្គ​ទុយោ​ធន៍ ត្រកូល​កុរ​វៈ ដែល​ឈ្នានីស នឹង​ត្រកូល​ប​ណ្ឌ​វៈ ត្រូវជា​បងប្អូន​ជីទួតមួយ ទុ​រ​យោធ​ន៍ ព្យាយាម​ចងកម្ម​ចងពារ​ព្យាធិ នឹង​ត្រកូល​ប​ណ្ឌ​វៈ​ជាច្រើនលើក​ច្រើនសារ មាន​ទាំង​ដុត​ដំណាក់​ក្រមួន​សម្លាប់ លេង​បាស្កា ភ្នាល់​នគរ និង​និរទេស​បណ្តេញ​ពួក​ប​ណ្ឌ​វៈ​ចេញពី​នគរ​ឲ្យ​ទៅ​នៅ​ក្នុងព្រៃ នៅពេល​ពួក​ប​ណ្ឌ​វៈ​ត្រឡប់មកវិញ សូម​ដី​តែ​ប្រាំ​ភូមិ ក៏​ទុ​រ​យោ​ធន៍​មិន​ព្រម ឈានទៅដល់​សង្គ្រាម​រវាង​បង​ប្អូនឯង​រយៈពេល ១៨​ថ្ងៃ ដែល​បានសម្លាប់​ខ្សែស្រឡាយ​នគរ​កុ​រុ​អស់យ៉ាង​ច្រើន ត្រកូល​ប​ណ្ឌ​វៈ​បាន​ជំនួយ​ពី​ព្រះ​ក្រឹ​ស្ណៈ​ដែលជា​អវតា​ព្រះ​វិស្ណុ រហូតដល់​មានជ័យ​ជម្នះ​លើ​ត្រកូល​កុរ​វៈ ហើយ​ទុ​រ​យោ​ធន៍​ខ្លួនឯងបានរ​ត់ទៅ​ពួន​នៅ​បាត​ស្រះ រហូតដល់​ពួក​ប​ណ្ឌ​វៈ​ហៅ​មក​ប្រកួត​មួយ​ទល់នឹង​មួយ​ជាមួយនឹង​ភី​ម ព្រះ​ក្រឹ​ស្ណៈ បាន​ប្រាប់​ឲ្យ​ភី​ម​កាប់​ភ្លៅ​របស់​ទុ​រ​យោធ​ន៍ ទើប​ទុ​រ​យោ​ធន៍​ស្លាប់ ។ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ទាំងស្រុង​លើ​ពួក​កុរ​វៈ ត្រកូល​ប​ណ្ឌ​វៈ​ក៏បាន​ឡើងជា​ក្សត្រ​គ្រប់គ្រង​នគរ​កុ​រុ​បន្ត​ពី​បុព្វបុរស ដោយមាន​យុ​ទ្ធិ​ស្ធិ​រៈ​ជា​កូនច្បង​គេ​នៃ​ត្រកូល​ប​ណ្ឌ​វៈ ជា​ព្រះមហាក្សត្រ ។ ព្រះបាទ​ជ័យវរ្ម័ន​ទី ៤ ប្រហែលជា​យក​ខ្លួន​ព្រះអង្គ​ទៅ​ប្រៀបធៀប​នឹង​ត្រកូល​ប​ណ្ឌ​វៈ​នេះហើយ ដែលមាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការឡើង​សោយរាជ្យ​នៅលើ​ចក្រភព​អង្គរ ។​
តាមរយៈ​ការបង្ហាញ​ខាងលើ យើង​សង្កេតឃើញថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ព្យាយាម​បង្ហាញ​ពី​ភាពត្រឹមត្រូវ ក្នុងការ​សោយរាជ្យ​របស់​ព្រះអង្គ​តាមរយៈ​រូបភាព​នៃ​ការប្រៀបធៀប​ខ្លួន​ព្រះអង្គ​ទៅនឹង​តួអង្គ​សុគ្រីព នៅក្នុង​រឿង​រាមកេរ្តិ៍ និង​ត្រកូល​ប​ណ្ឌ​វៈ នៅក្នុង​រឿង​មហាភារតៈ​យុទ្ធ ដែល​សុទ្ធសឹង​ជា​មហាកាព្យ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុងសង្គម​ខ្មែរ​សម័យ​មហានគរ​៕​

Tuesday, September 12, 2017

វត្ត​សសរ​១០០ទាក់ទងនឹងបុត្រី​ព្រះ​ច័ន្ទ​រាជា​ទី​២

វត្ត​សសរ​១០០ ស្ថិត​នៅក្បែរ​មាត់ទន្លេ​មេគង្គ ត្រើយ​ខាងកើត នា​ឃុំ​សម្បូ​ណ៍ ស្រុក​សម្បូ​ណ៍ ខេត្តក្រចេះ បែរ​ទិស​ទៅ​ចំ​ចេ​ត្យី​មួយ​រាង​ផ្កាឈូក -​ដែល​ចាស់ៗ​តាំង​ឈ្មោះថា ចេ​ត្យី​ព្រះ​នាង​ក្រពុំ​ឈូក ឬ​ព្រះ​នាង​វរ​ភក្ត្រ​គឺជា​វត្ត​បុរាណ​មាន​ប្រវត្តិ​ដ៏​យូរលង់ ។ សំណង់​វត្តមាន​បណ្តោយ ៣៥​ម៉ែត្រ និង​ទទឹង ១៨​ម៉ែត្រ និង​កំពស់ ២៣​ម៉ែត្រ ។ វត្ត​នេះ​មាន​ចំណុះ​សសរ ១១៥ ដើម នៅ​ឆ្នាំ ១៩៥៥ ក្នុងសម័យ​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ ជា​ព្រះ​ឧបយុវរាជ ។ ដើម្បី​ទៅកាន់​វត្ត​នេះ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា ៣៦ គ​.​ម ពី​ទី​រួម​ខេត្ត គេ​អាច​ជិះឡាន​ក៏បាន ជិះទូក​ក៏បាន ។​
ក្នុងសម័យខ្មែរក្រហម ឆ្នាំ1975-1979, វត្តសសរ100ត្រូវបានបំផ្លេចបំផ្លាញទាំងស្រុង។ហើយវត្តនេះត្រូវបានកសាងឡើងវិញដែលមានលក្ខណៈដូចដើមក្នុង ទស្សវត្យទី90។
បុត្រី​ព្រះ​ច័ន្ទ​រាជា​ទី​២​មាន​ប្រវត្តិ​ស្លាប់​ដោយ​ហោរា​ទាយ​ថា​សុគត​ដោយ​ក្រពើ​ស៊ី​ចុងក្រោយ​សុគត​ដោយ​ក្រពើ​នេន​ធន់​ស៊ី ហើយ​បូជា​យក​ស្រី​ក្រមុំ​១០០​នាក់​ដាក់​តាម​ជើង​សសរ​ព្រះវិហារ​សសរ​១០០​ថា​ល្បី​មាន​បារមី​

នា​សម័យ​សង្គមរាស្ត្រនិយម (​មុន​ឆ្នាំ ១៩៧០) គេ​ហៅ​វត្ត​នេះ​ថា ព្រះវិហារ​ធំ ដោយហេតុថា​មាន​ព្រះពុទ្ធ​អង្គ​មួយ​ធំ​ក្នុង​ព្រះវិហារ​នោះ មាន​ព្រះ​ភ្នែន ៣​ម៉ែត្រ និង​កំពស់ ៣​ម៉ែត្រ ។
ព្រះអង្គ​ធំ បែរ​ព្រះភ័ក្ត្រ​សម្លឹង​ចំ​ទៅរក ព្រះ​នាង​វរ​ភ័ក្ត្រ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​នាង ដែលជា​ព្រះរាជ​បុត្រី​តែមួយគត់​របស់​មហាក្សត្រ ដែល​សុគត ។​
កាលនោះ​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​ទី​២ (១៨០៤-១៨៣៤ គ​.​ស​) សោយរាជ្យ​សម្បត្តិ នៅ​រាជធានី​ឧដុង្គ មាន​ព្រះរាជ​បុត្រី​មួយ​ព្រះអង្គ ព្រះនាម​ព្រះ​នាង​វរ​ភ័ក្ត្រ ឬ​ព្រះ​នាង​ចម្ប៉ា​ថោង ដែលមាន​រូបរាង​ល្អ សាច់​សម៉​ដ​ខៃ ប្រកបដោយ​លក្ខណៈ​ដ៏​ល្អ​ប្រពៃ​ឥតខ្ចោះ ដូច​ព្រះ​នាង ឳ​មា ឬ​បរ​វ​តី អញ្ចឹង​។​
ដោយ​គ្មាន​បុត្រ ដើម្បី​ស្នង​រាជ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ព្រះ​នាង​ឡើង​សោយរាជ្យ​សម្បត្តិ​ជំនួស តែ​ជា​អកុសល​ព្រះ​រាជធីតា​នេះ ពុំ​អាចបំពេញ​ព្រះរាជកិច្ច​ដឹកនាំ​ក្រុង​កម្ពុជា​ធិបតេយ្យ​បានទេ ។ ពួក​ហោរា​ក៏បាន​បញ្ជាក់ថា ព្រះ​នាង​នឹងត្រូវ​ក្រពើ​លេប​នៅពេល​ខាងមុខ​បន្តិចទៀត នៅពេល​ដែលមាន​ព្រះជន្ម ១៥​ឆ្នាំ ។​
ឮដូច្នេះ​ព្រះអង្គ​ក៏​ត្រាស់​បញ្ជា​ឲ្យ​អាចារ្យ ធ្វើ​របង​ដែក​ហ៊ុំព័ទ្ធ​ព្រះទីនាំង ៧​ជាន់ នៅ​កំពង់ផែ ហើយ​ថែមទាំង​ឲ្យ​ពល​សេនា​ការពារ​ព្រះ​នាង មិន​ឲ្យ​ព្រះ​នាង​យាង​មក​ស្រង់ទឹក​ក្នុង​ទន្លេមេគង្គ​ឡើយ ។ ដូចនេះ​ព្រះ​នាង​ត្រូវ​បង្ខាំង​ក្នុង​ព្រះរាជវាំង ហើយ​ស្រង់ទឹក​ក្នុង​អាង​អុង​តែប៉ុណ្ណោះ ។​
ដោយសារតែ​ត្រូវ​ព្រះរាជ​បិតា ឃាំង​ទុក​ក្នុង​ព្រះបរមរាជវាំង​ខ្លាំងពេក ពេល​ពេញវ័យ​ក្រមុំ​កាលណា ព្រះ​នាង​ក៏​អាពាធ​(​ឈឺ​) ។ ឃើញ​ដូច្នោះ ព្រះបាទ​ច័ន្ទ​រាជា ក៏​ភិតភ័យ​យ៉ាងខ្លាំង ហើយក៏​ចាត់​ឲ្យ​សេនា ប៉ាវគង​ឃ្មោះ​តាម​ស្រុកភូមិ ដើម្បី​រក​អ្នក​ខ្លាំងពូកែ ថែរក្សា​រោគ​ព្រះរាជ​បុត្រី ។​
ថ្ងៃមួយ​ព្រះអង្គ​ឮ​គេ​ថា មាន​ព្រះចៅអធិការ​ម្នាក់​នៅ​វត្ត​ព្រះ​នាគ​សេន ហៅ​វត្ត​អៀ​ត នៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ជា​អ្នកមាន​សិល្ប៍សាស្ត្រ មន្តអាគម​គាថា ដ៏​ខ្លាំងពូកែ​អាច​នឹង​បញ្ចៀស​គ្រោះកាច​របស់​ព្រះ​នាង​ធិ​តា​បាន ព្រះមហាក្សត្រ​ក៏បាន​ត្រាស់បង្គាប់​ឲ្យ​និមន្ត​មក​ព្យាបាល​ព្រះ​នាង ។ ហេតុនេះហើយ​បានជា ព្រះមហាក្សត្រ បាន​ហៅ​អាមាត្យ​យក​ទូកក្តោង ខ្វាន់​តុង ហៅ​ចង្ក្រាន​ហុយ ឲ្យ​និមន្ត​ចៅអធិការ​មកកាន់​ទីក្រុង​ឧដុង្គ​ភ្លាម​មួយ​រំពេច ។​
មុននឹង​និមន្ត​ចាក​ចេញពី​វត្ត​តាម​ការកោះហៅ​របស់​ព្រះរាជា ព្រះចៅអធិការ​បាន​ណែនាំ​នេន​ទាំងអស់​ក្នុង​វត្ត​ឲ្យ​ខិតខំ​រៀនសូត្រ ប្រតិបត្តិ​ធម៌ កាលបើ​ព្រះអង្គ​មិន​គង់​ក្នុង​វត្ត រួចហើយ​ព្រះអង្គ​ក៏មាន​សង្ឃ​ដិ​ការ​ទៅកាន់​នេន​ធន់ ដែលជា​សិស្ស​ជំនិត​ជាងគេ​ថា បើ​ធន់​ឯង​ចង់​រៀន​ក្បួន​យុទ្ធសិល្ប៍​ត្រូវ​បើក​តែ​ទូរ​ធំ​នេះ​បាន​ហើយ កុំ​បើក​ទូរ​តូច​នេះ​ឲ្យ​សោះ បើ​ពុំ​ដូច្នោះ​ទេ នឹង​ជួប​មហន្តរាយ​ពុំខាន ។​
ប៉ុន្តែ​នេន​ធន់​មិនបាន​ស្តាប់​ការហាម​ប្រាម​ពី​សំណាក់ ព្រះចៅអធិការ​វត្ត​ទេ ដូច្នេះហើយ​ក៏បាន​ក្លាយខ្លួន​ជា​ក្រពើ​ទៅ ។​
៣ថ្ងៃ​កន្លងមក​ដោយ​អស់សង្ឃឹម ក្រពើ​នេន​ធន់​បាន​យំ​រោទិ៍​បង្ហួរ​ទឹកភ្នែក​តែម្នាក់ឯង នៅក្រោម​កុដិ ដោយ​មិន​ខ្ចី​ស៊ី​បាយ​ផឹកទឹក ។ មនុស្ស​ដែល​រស់នៅ​ភូមិ​ស្រុក​មិន​ហ៊ាន​មក​ជិត​ទេ ព្រោះ​ខ្លា​ចវា​ត្របាក់​ស៊ី ។ កន្លះ​ខែក្រោយ​ទើប​ព្រះចៅអធិការ​វត្ត​និមន្ត​មកដល់​វត្ត ។​
លោក​ចៅអធិការ​មានតែ​ការអាណិតអាសូរ​ដល់​នេន​ធន់ ព្រោះ​កំណត់ ៧​ថ្ងៃ បាន​កន្លងផុត​មកហើយ លោក​ម្នីម្នា​ទៅរក​សន្លឹក​យន្ត្រ​បញ្ចុះ​លើ​ក្បាលក្រពើ ការពារ​កុំ​ឲ្យ​អ្នកស្រុក​មក​កាប់សម្លាប់ ។ ចាប់ពីពេលនោះ​មក​ក្រពើ​នេន​ធន់ ក៏​ស្រឡាញ់​ប្រតិបត្តិ​គ្រូ​លើស​ដើម ហើយ​ពេលដែល​លោក​និមន្ត​ទៅណា​មក​ណា​ម្តងៗ ដូចជា​ទៅ​មើល​ជម្ងឺ ឬ​ប្រោសសត្វ​ជាដើម ក្រពើ​នេន​ធន់ ក៏​ចម្លង​លោក​ដោយ​រហ័សរហួន​ជាទីបំផុត ដោយ​មិនបាច់​ប្រើ​ទូក​ក្តារ​ឡើយ ។​
ពេលវេលា​នេះ​តែ​កន្លង ថ្ងៃមួយ​ព្រះរាជា​ក៏បាន​និមន្ត​លោកគ្រូ​ព្រះចៅអធិការ​វត្ត ឲ្យ​និមន្ត​ទៅ​មើល​ជម្ងឺ​ព្រះ​នាង​វរ​ភ័ក្ត្រ ម្តងទៀត ព្រោះ​មាន​អាពាធ ជា​ទម្ងន់​ជាង​មុន ។ ដូច​សព្វដង​ព្រះអង្គ​ក៏​និមន្ត​តាម​ក្រោយ ដោយ​ជិះ​លើ​ក្បាល​នេន​ធន់ ទុក​ឲ្យ​ពួក​អាមាត្យ ត្រឡប់​វិញ​ដោយ​ទូកក្តោង​កុង​ប្រាំបី យ៉ាង​ស្រពោន​ចិត្ត ។​
មកដល់​ព្រះបរមរាជវាំង​កាលណា លោកគ្រូ​ក៏​និមន្ត​ចូលគាល់​ព្រះរាជា ទុក​ក្រពើ​នេន​ធន់ នៅចាំ​នឹង​កំពង់​ក្រោម​ព្រះទីនាំង​ស្តេច ខាង​ក្រៅរបង​កំពង់ថ្ម ម្នាក់ឯង ។ ក្រោយពី​ព្យាបាល​ជម្ងឺ​ព្រះ​នាង​បាន ៧ ថ្ងៃ ព្រះគ្រូ​ក៏​ថ្វាយបង្គំ​លា​ព្រះមហាក្សត្រ ដើម្បី​ត្រឡប់មក​វត្ត​វិញ មួយណា​ទៀត​លោក​នឹក​ក្រពើ​នេន​ធន់​ណាស់ ។ មកដល់​មាត់ទន្លេ​មេគង្គ​កាលណា លោកគ្រូ​ក៏​ដោះ​ស្បង់​ជីវរ សង្ឃាដី ដាក់​លើ​ដំណាក់​ផែ ចុះ​ងូតទឹក ដោយ​ស្រែកហៅ​ក្រពើ​នេន​ធន់​ភ្លាម ។ ឮ​សំដី​ព្រះគ្រូ​ហៅរក​ភ្លាម ក្រពើ​នេន​ធន់ អរ​ណាស់ ក៏​ហែល​មករ​កមួយ​រំពេច ។​
ក្រោយពី​ព្យាបាល​ព្រះរោគ ព្រះ​នាង​វរ​ភ័ក្ត្រ​រួច ព្រះគ្រូ​ជា​ក៏បាន​សុគត​ទៅ ។ ក្រពើ​នេន​ធន​បាន​ខឹងសម្បារ និង​អស់សង្ឃឹម​យ៉ាងខ្លាំង ដូច្នេះ​ហើយក៏​ព្យាយាម​សងសឹក​ជូន​ព្រះគ្រូ​របស់ខ្លួន ដោយ​គ្រប់​មធ្យោបាយ​ទាំងអស់ ។​
ថ្ងៃមួយ ឆ្លៀតឱកាស​ដែល​ព្រះ​នាង​កំពុង​ចុះ​ស្រង់ទឹក​នៅ​កំពង់ ក្រពើ​នេះ​ក៏​លេប​ត្របាក់​ព្រះ​នាង​វរ​ភ័ក្ត្រ ចូលក្នុង​ពោះ​មួយ​រំពេច ហើយក៏​ជ្រមុជ​ចូលទៅក្នុង​ទឹក​បាត់ទៅ​តែម្តង ។
គូ​ស្វាមី​-​ភរិយា ខេត្តក្រចេះ ចូល​រូប​ព្រះ​នាង​វរ​ភ័ក្ត្រ ហៅ​ព្រះ​នាង​កន្ទោងខៀវ (២០០០) ដំណឹង​នេះ​បាន​លេចឮ​ដល់​ព្រះបរមរាជវាំង ។ ព្រះ​វ​រាជបិតា​របស់​ព្រះ​នាង គឺ​ព្រះបាទ​អង្គ​ច័ន្ទ​រាជា ទ្រង់​ក្រោធ​យ៉ាងខ្លាំង ហើយក៏​ត្រាស់បង្គាប់​ឲ្យ​ពល​រេ​ហ៍​ដេញ​ទៅ​ចាប់​ក្រពើ​នេន​ធន​ភ្លាម ដើម្បី​សងសឹក ។ មិនយូរប៉ុន្មាន នៅ​បន្ទាយលង្វែក​មានជ័យ​ពួក​ពល ក៏​ចាប់បាន​ក្រពើ​នេន​ធន​រួច​ហើយក៏​សម្លាប់ចោល ដោយ​ឥត​ញញើត ឬ​អាឡោះអាល័យ​សោះឡើយ ។ តែ​អនិច្ចា​នៅពេលដែល​វះ​ពោះ​ក្រពើ​ទៅ ព្រះ​នាង​វរ​ភ័ក្ត្រ​បាន​សុគត​បាត់ទៅហើយ​ដែរ ។
អនុលោម​តាម​ប្រពៃណី​នៃ​ព្រះពុទ្ធសាសនា ព្រះបាទ​អង្គ​ច័ន្ទ​ដែលជា​ព្រះវរបិតា​របស់​ព្រះ​នាង​វរ​ភ័ក្ត្រ ឬ​ព្រះ​នាង​ក្រពុំ​ឈូក​ក៏បាន​កសាង​ព្រះវិហារ​ធំ​មួយ ដែលមាន​សសរ​១០០ ព្រមទាំង​ព្រះ​ចេ​ត្យី​មួយ​យ៉ាង​ស្អាត​សម្រាប់​ផ្ទុក​ព្រះ​អដ្ឋិធាតុ​របស់​ព្រះរាជ​បុត្រី ទោះបីជា​ស្ថិត​ឆ្ងាយ​ពី​ព្រះបរមរាជវាំង​លង្វែក​មានជ័យ​ក៏ដោយ ។ ដូច្នេះ​ព្រះវិហារ​សសរ ១០០ បានចាប់កំណើត​ចេញពី​ពិធី​បុព្វ​ពលី ស្របតាម​ជំនឿ​ប្រពៃណី​អ្នកស្រុក និង​តាម​គន្លង​ធម៌​នៃ​លទ្ធិ​ព្រះពុទ្ធសាសនា ។​
ចំពោះ​វត្ត​ព្រះវិហារ​ធំ ឬ​វត្ត​សសរ ១០០ បើ​សាកសួរ​ពី​ប្រវត្តិ​នៃ​ព្រះពុទ្ធ​សាសន​ដ្ឋា​ន​នេះ យើង​ពិតជា​ចាប់អារម្មណ៍​ពី​លក្ខណៈពិសេស​ធំៗ​២​គឺ ភាព​ស័ក្តិសិទ្ធិ​នៃ​វត្ត​អារាម​នេះ ដែល​អ្នកស្រុក​ជឿថា​មាន​បារមី​ខ្លាំងពូកែ​សណ្ឋិត ចំនួន​យ៉ាងតិចណាស់​ក៏ ១០០ ដែរ ។ ការណ៍​ដែល​អ្នកស្រុក​ជឿ​ដូច្នោះ ក៏​ព្រោះតែ​គេ​ភ្ជាប់​បារមី​ដ៏​ខ្លាំងពូកែ​ទាំងនោះ ទៅនឹង​វិញ្ញាណ​ក្ខ័​ន្ត​ព្រះ​នាង​វរ​ភ័ក្ត្រ បុត្រី​របស់​ព្រះបាទ​អង្គ​ច័ន្ទ​រាជា ដែល​សាកសព​ត្រូវបាន​គេ​បញ្ចុះ​ក្នុង​ចេ​ត្យី​មួយ នៅក្បែរ​ព្រះវិហារ​នេះ ។ ម្យ៉ាងទៀត ពុទ្ធសាសនិក​ខ្មែរ​ក្នុង​ខេត្តក្រចេះ ដែល​ភាគច្រើន​ជា​អ្នក​ប្រពៃណីនិយម​ជឿថា ព្រះ​បារមី​ទាំង ១០០ នោះ គឺជា​ជើងកប​នៃ​សសរ​ទាំងនោះ នៅ​ថែរក្សា​ព្រះ​នាង​វរ​ភ័ក្ត្រ ឬ​ព្រះ​នាង​ក្រពុំ​ឈូក​ដែលជា​រាជបុត្រី​តរៀង​រហូតមក ។
ការយល់ឃើញ​ដូច្នោះ​បណ្តាលមកពី​មាន​តំណាល​មួយ​ថា ដើម្បី​ប្រមូល​នូវ​វត្ថុ​សក្តិ​សិទ្ធិ​ទាំងឡាយ ព្រះបាទ​ច័ន្ទ​រាជា​បានសម្លាប់​ស្ត្រី​ព្រហ្មចារី​ចំនួន​១០០ នាក់ ដោយ​យក​សាកសព​ទៅ​កប់​នៅត្រង់​បាត​សសរ​នីមួយៗ នៅពេលដែល​ព្រះអង្គ​ស្ថាបនា​វត្ត​វិហារ​ធំ​នេះ ។ នេះ​ជាហេតុ​នាំ​ឲ្យ​ពុទ្ធសាសនិក​រមែងតែងតែ​មក​បន់ស្រន់ សុំ​សេចក្តីសុខ សេចក្តី​សប្បាយ តាមរយៈ​ការចូល​រូប ។ មួយវិញទៀត​សោត ការចូល​រូប​ព្រះ​នាង​ក្រពុំ​ឈូក ឬ​វរ​ភ័ក្ត្រ ត្រូវបាន​អ្នកស្រុក ទទួលស្គាល់ថា​ពិតជា​សម្រេច​ផល ពេល​ដែលមាន​អាសន្ន ឬ​វិបត្តិ​អ្វីមួយ​មក​បៀតបៀន​ដល់​ដំណើរ​ជា​ប្រក្រតី នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ ។ ម្យ៉ាងវិញទៀត​គេ​ជឿថា គេ​ត្រូវ​ប្រារព្ធ​ពិធី​នេះ​យ៉ាងហោចណាស់​ក៏​១​ដង ក្នុង​មួយឆ្នាំ​ដែរ បើ​ពុំ​ដូច្នេះ​ទេ សិរី​មង្គល​នឹង​មិនអាច​កើតឡើង​សម្រាប់​ពួកគេ​ទេ ។ សូម​ជម្រាប​ហើយ​ថា អ្នក​ចូល​រូប​ដែល​តំណាង​ព្រះ​នាង​ក្រពុំ​ឈូក ត្រូវ​ស្លៀកពាក់​ពណ៌​ខៀវ​តាមរបៀប​ស្តេច ។​
ចំពោះ​ការ​ស្លៀកពាក់​ពណ៌​ខៀវ​ខាងលើនេះ សូម​រំលឹក​ផងដែរ​ថា ទង្វើ​នេះ​មាន​មូលហេតុ​របស់​វា​។ ដើម្បី​បញ្ចុះសព​របស់​ព្រះ​នាង​វរ​ភ័ក្ត្រ ព្រះបាទ​ច័ន្ទ​រាជា​បាន​បញ្ចុះ​ដោយ​ការ​បណ្តែត​អដ្ឋិធាតុ​របស់​ព្រះរាជ​បុត្រី តាមរយៈ​កន្ទោងខៀវ​មួយ​បណ្ដែត​តាមផ្លូវ​ទឹក ។ កន្ទោងខៀវ​ដែល​ព្រះអង្គ​បាន​បណ្តែត​នោះ ក្រោយពី​បាន​ឆ្លងកាត់​តំបន់​នានា​មួយចំនួន ក៏បាន​មក​ទើរ​ត្រង់​មាត់​ច្រាំងទន្លេ​នៅ​ភូមិ​សម្បូរ​ណ៍ ស្រុក​សម្បូរ​ណ៍ បច្ចុប្បន្ននេះ ដែល​ក្រោយមក​ក្លាយទៅជា​អនាគត​ទីតាំង​នៃ​វត្ត​សសរ ១០០ សព្វថ្ងៃនេះ ។ មានន័យថា សំដៅលើ​ការកសាង​កុសល ដើម្បី​ឲ្យ​ព្រលឹង​រាជបុត្រី​បាន​សោយសុខ ព្រះរាជា​អង្គ​ច័ន្ទ​រាជា ក៏បាន​ត្រាស់បង្គាប់​ឲ្យ​កសាង​ព្រះវិហារ​ខាងលើនេះ​ឡើង​នៅ​ទិសឥសាន ដែល​បែរមុខ​ទៅរក​ព្រះ​ចេ​ត្យី​របស់​ព្រះរាជ​បុត្រី៕