Friday, September 22, 2017

ឧទ្យានជាតិ​ ព្រះ​មុនីវង្ស​(​ភ្នំបូកគោ)

ព្រះរាជដំណាក់ ព្រះ​ករុណា​ ព្រះបាទ សុីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ ឧទ្យានជាតិ​ ព្រះ​មុនីវង្ស​(​ភ្នំបូកគោ) ទីឋានសោយព្រះទីវង្គត
បើយេីងនិយាយពីរឿងភ្នំបូកគោ ឯទឹកដីខេត្តកំពតនោះ ទីនេះមានប្រវត្តិដិតដាមច្រើនណាស់ជាមួយនិងអតីតព្រះមហាក្ស័ត្រខ្មែរ ព្រះករុណា ព្រះបាទ​ សុីសុវត្ថិ មុនីវង្ស ឬ ហ្លួងខត្តិយកោដ្ឋ ព្រះរាជអយ្យកោទួត​ នៃព្រះមហាក្សត្រយើងសព្វថ្ងៃនេះ គឺព្រះ​ករុណា​ ព្រះបាទសម្តេចព្រះ​បរមនាថ​ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​។
ភ្នំបូកគោ នាអតីតកាល គឺប្រាកដណាស់ជាស្ថានសួគ៌មួយរបស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា។​ សម្បត្តិនៃផែនដីសុវណ្ណភូមិ ជាទីដែលព្រះ​ករុណា​ ព្រះបាទ​ សុីសុវត្ថិ មុនីវង្ស ទ្រង់គង់ប្រថាប់សម្រាកព្រះកាយរហូតដល់ទ្រង់យាងចូលព្រះទីវង្គត ដោយសារតែទ្រង់ឈឺចាប់ និងតូចព្រះទ័យ ដែលប្រទេសសៀមកាលណុះ តែងតែទន្ទ្រានម្ដងហើយម្ដងទៀត ឈ្លានពាន និងដណ្ដើមយកទឹកដីកម្ពុជាប្រទេស ដោយមានប្រទេសជប៉ុន គាំទ្រ។

តាមប្រវត្តិសាស្ត្របានឲ្យដឹងថា នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀម ដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុតបានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកទៅវិញនូវខេត្ដបាត់ដំបង និងទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥។

ដោយឈឺព្រះទ័យនឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាព ត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ សុីសុវត្ថិ​ មុនីវង្ស ទ្រង់សោយទីវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅលើភ្នំបូកគោនេះឯង ក្នុងព្រះជន្មាយុ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។

មុនពេលព្រះអង្គយាងសោយព្រះទីវង្គត​ ព្រះអង្គមិន​សព្វព្រះរាជហឫទ័យ​ សោយអ្វីឡេីយ ហេីយព្រះរាជវង្សានុវង្សទាំងអស់ក៏មិនឲ្យចូល​ក្រាប​បង្គំ​គាល់​ឡេីយ ដោយទា្វរព្រះរាជដំណាក់នេះ ត្រូវបានបិទទា្វររហូតដល់ព្រះអង្គយាងសោយព្រះទីវង្គតតែម្តង៕

No comments:

Post a Comment