Tuesday, September 12, 2017

វត្ត​សសរ​១០០ទាក់ទងនឹងបុត្រី​ព្រះ​ច័ន្ទ​រាជា​ទី​២

វត្ត​សសរ​១០០ ស្ថិត​នៅក្បែរ​មាត់ទន្លេ​មេគង្គ ត្រើយ​ខាងកើត នា​ឃុំ​សម្បូ​ណ៍ ស្រុក​សម្បូ​ណ៍ ខេត្តក្រចេះ បែរ​ទិស​ទៅ​ចំ​ចេ​ត្យី​មួយ​រាង​ផ្កាឈូក -​ដែល​ចាស់ៗ​តាំង​ឈ្មោះថា ចេ​ត្យី​ព្រះ​នាង​ក្រពុំ​ឈូក ឬ​ព្រះ​នាង​វរ​ភក្ត្រ​គឺជា​វត្ត​បុរាណ​មាន​ប្រវត្តិ​ដ៏​យូរលង់ ។ សំណង់​វត្តមាន​បណ្តោយ ៣៥​ម៉ែត្រ និង​ទទឹង ១៨​ម៉ែត្រ និង​កំពស់ ២៣​ម៉ែត្រ ។ វត្ត​នេះ​មាន​ចំណុះ​សសរ ១១៥ ដើម នៅ​ឆ្នាំ ១៩៥៥ ក្នុងសម័យ​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ ជា​ព្រះ​ឧបយុវរាជ ។ ដើម្បី​ទៅកាន់​វត្ត​នេះ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា ៣៦ គ​.​ម ពី​ទី​រួម​ខេត្ត គេ​អាច​ជិះឡាន​ក៏បាន ជិះទូក​ក៏បាន ។​
ក្នុងសម័យខ្មែរក្រហម ឆ្នាំ1975-1979, វត្តសសរ100ត្រូវបានបំផ្លេចបំផ្លាញទាំងស្រុង។ហើយវត្តនេះត្រូវបានកសាងឡើងវិញដែលមានលក្ខណៈដូចដើមក្នុង ទស្សវត្យទី90។
បុត្រី​ព្រះ​ច័ន្ទ​រាជា​ទី​២​មាន​ប្រវត្តិ​ស្លាប់​ដោយ​ហោរា​ទាយ​ថា​សុគត​ដោយ​ក្រពើ​ស៊ី​ចុងក្រោយ​សុគត​ដោយ​ក្រពើ​នេន​ធន់​ស៊ី ហើយ​បូជា​យក​ស្រី​ក្រមុំ​១០០​នាក់​ដាក់​តាម​ជើង​សសរ​ព្រះវិហារ​សសរ​១០០​ថា​ល្បី​មាន​បារមី​

នា​សម័យ​សង្គមរាស្ត្រនិយម (​មុន​ឆ្នាំ ១៩៧០) គេ​ហៅ​វត្ត​នេះ​ថា ព្រះវិហារ​ធំ ដោយហេតុថា​មាន​ព្រះពុទ្ធ​អង្គ​មួយ​ធំ​ក្នុង​ព្រះវិហារ​នោះ មាន​ព្រះ​ភ្នែន ៣​ម៉ែត្រ និង​កំពស់ ៣​ម៉ែត្រ ។
ព្រះអង្គ​ធំ បែរ​ព្រះភ័ក្ត្រ​សម្លឹង​ចំ​ទៅរក ព្រះ​នាង​វរ​ភ័ក្ត្រ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​នាង ដែលជា​ព្រះរាជ​បុត្រី​តែមួយគត់​របស់​មហាក្សត្រ ដែល​សុគត ។​
កាលនោះ​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​ទី​២ (១៨០៤-១៨៣៤ គ​.​ស​) សោយរាជ្យ​សម្បត្តិ នៅ​រាជធានី​ឧដុង្គ មាន​ព្រះរាជ​បុត្រី​មួយ​ព្រះអង្គ ព្រះនាម​ព្រះ​នាង​វរ​ភ័ក្ត្រ ឬ​ព្រះ​នាង​ចម្ប៉ា​ថោង ដែលមាន​រូបរាង​ល្អ សាច់​សម៉​ដ​ខៃ ប្រកបដោយ​លក្ខណៈ​ដ៏​ល្អ​ប្រពៃ​ឥតខ្ចោះ ដូច​ព្រះ​នាង ឳ​មា ឬ​បរ​វ​តី អញ្ចឹង​។​
ដោយ​គ្មាន​បុត្រ ដើម្បី​ស្នង​រាជ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ព្រះ​នាង​ឡើង​សោយរាជ្យ​សម្បត្តិ​ជំនួស តែ​ជា​អកុសល​ព្រះ​រាជធីតា​នេះ ពុំ​អាចបំពេញ​ព្រះរាជកិច្ច​ដឹកនាំ​ក្រុង​កម្ពុជា​ធិបតេយ្យ​បានទេ ។ ពួក​ហោរា​ក៏បាន​បញ្ជាក់ថា ព្រះ​នាង​នឹងត្រូវ​ក្រពើ​លេប​នៅពេល​ខាងមុខ​បន្តិចទៀត នៅពេល​ដែលមាន​ព្រះជន្ម ១៥​ឆ្នាំ ។​
ឮដូច្នេះ​ព្រះអង្គ​ក៏​ត្រាស់​បញ្ជា​ឲ្យ​អាចារ្យ ធ្វើ​របង​ដែក​ហ៊ុំព័ទ្ធ​ព្រះទីនាំង ៧​ជាន់ នៅ​កំពង់ផែ ហើយ​ថែមទាំង​ឲ្យ​ពល​សេនា​ការពារ​ព្រះ​នាង មិន​ឲ្យ​ព្រះ​នាង​យាង​មក​ស្រង់ទឹក​ក្នុង​ទន្លេមេគង្គ​ឡើយ ។ ដូចនេះ​ព្រះ​នាង​ត្រូវ​បង្ខាំង​ក្នុង​ព្រះរាជវាំង ហើយ​ស្រង់ទឹក​ក្នុង​អាង​អុង​តែប៉ុណ្ណោះ ។​
ដោយសារតែ​ត្រូវ​ព្រះរាជ​បិតា ឃាំង​ទុក​ក្នុង​ព្រះបរមរាជវាំង​ខ្លាំងពេក ពេល​ពេញវ័យ​ក្រមុំ​កាលណា ព្រះ​នាង​ក៏​អាពាធ​(​ឈឺ​) ។ ឃើញ​ដូច្នោះ ព្រះបាទ​ច័ន្ទ​រាជា ក៏​ភិតភ័យ​យ៉ាងខ្លាំង ហើយក៏​ចាត់​ឲ្យ​សេនា ប៉ាវគង​ឃ្មោះ​តាម​ស្រុកភូមិ ដើម្បី​រក​អ្នក​ខ្លាំងពូកែ ថែរក្សា​រោគ​ព្រះរាជ​បុត្រី ។​
ថ្ងៃមួយ​ព្រះអង្គ​ឮ​គេ​ថា មាន​ព្រះចៅអធិការ​ម្នាក់​នៅ​វត្ត​ព្រះ​នាគ​សេន ហៅ​វត្ត​អៀ​ត នៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ជា​អ្នកមាន​សិល្ប៍សាស្ត្រ មន្តអាគម​គាថា ដ៏​ខ្លាំងពូកែ​អាច​នឹង​បញ្ចៀស​គ្រោះកាច​របស់​ព្រះ​នាង​ធិ​តា​បាន ព្រះមហាក្សត្រ​ក៏បាន​ត្រាស់បង្គាប់​ឲ្យ​និមន្ត​មក​ព្យាបាល​ព្រះ​នាង ។ ហេតុនេះហើយ​បានជា ព្រះមហាក្សត្រ បាន​ហៅ​អាមាត្យ​យក​ទូកក្តោង ខ្វាន់​តុង ហៅ​ចង្ក្រាន​ហុយ ឲ្យ​និមន្ត​ចៅអធិការ​មកកាន់​ទីក្រុង​ឧដុង្គ​ភ្លាម​មួយ​រំពេច ។​
មុននឹង​និមន្ត​ចាក​ចេញពី​វត្ត​តាម​ការកោះហៅ​របស់​ព្រះរាជា ព្រះចៅអធិការ​បាន​ណែនាំ​នេន​ទាំងអស់​ក្នុង​វត្ត​ឲ្យ​ខិតខំ​រៀនសូត្រ ប្រតិបត្តិ​ធម៌ កាលបើ​ព្រះអង្គ​មិន​គង់​ក្នុង​វត្ត រួចហើយ​ព្រះអង្គ​ក៏មាន​សង្ឃ​ដិ​ការ​ទៅកាន់​នេន​ធន់ ដែលជា​សិស្ស​ជំនិត​ជាងគេ​ថា បើ​ធន់​ឯង​ចង់​រៀន​ក្បួន​យុទ្ធសិល្ប៍​ត្រូវ​បើក​តែ​ទូរ​ធំ​នេះ​បាន​ហើយ កុំ​បើក​ទូរ​តូច​នេះ​ឲ្យ​សោះ បើ​ពុំ​ដូច្នោះ​ទេ នឹង​ជួប​មហន្តរាយ​ពុំខាន ។​
ប៉ុន្តែ​នេន​ធន់​មិនបាន​ស្តាប់​ការហាម​ប្រាម​ពី​សំណាក់ ព្រះចៅអធិការ​វត្ត​ទេ ដូច្នេះហើយ​ក៏បាន​ក្លាយខ្លួន​ជា​ក្រពើ​ទៅ ។​
៣ថ្ងៃ​កន្លងមក​ដោយ​អស់សង្ឃឹម ក្រពើ​នេន​ធន់​បាន​យំ​រោទិ៍​បង្ហួរ​ទឹកភ្នែក​តែម្នាក់ឯង នៅក្រោម​កុដិ ដោយ​មិន​ខ្ចី​ស៊ី​បាយ​ផឹកទឹក ។ មនុស្ស​ដែល​រស់នៅ​ភូមិ​ស្រុក​មិន​ហ៊ាន​មក​ជិត​ទេ ព្រោះ​ខ្លា​ចវា​ត្របាក់​ស៊ី ។ កន្លះ​ខែក្រោយ​ទើប​ព្រះចៅអធិការ​វត្ត​និមន្ត​មកដល់​វត្ត ។​
លោក​ចៅអធិការ​មានតែ​ការអាណិតអាសូរ​ដល់​នេន​ធន់ ព្រោះ​កំណត់ ៧​ថ្ងៃ បាន​កន្លងផុត​មកហើយ លោក​ម្នីម្នា​ទៅរក​សន្លឹក​យន្ត្រ​បញ្ចុះ​លើ​ក្បាលក្រពើ ការពារ​កុំ​ឲ្យ​អ្នកស្រុក​មក​កាប់សម្លាប់ ។ ចាប់ពីពេលនោះ​មក​ក្រពើ​នេន​ធន់ ក៏​ស្រឡាញ់​ប្រតិបត្តិ​គ្រូ​លើស​ដើម ហើយ​ពេលដែល​លោក​និមន្ត​ទៅណា​មក​ណា​ម្តងៗ ដូចជា​ទៅ​មើល​ជម្ងឺ ឬ​ប្រោសសត្វ​ជាដើម ក្រពើ​នេន​ធន់ ក៏​ចម្លង​លោក​ដោយ​រហ័សរហួន​ជាទីបំផុត ដោយ​មិនបាច់​ប្រើ​ទូក​ក្តារ​ឡើយ ។​
ពេលវេលា​នេះ​តែ​កន្លង ថ្ងៃមួយ​ព្រះរាជា​ក៏បាន​និមន្ត​លោកគ្រូ​ព្រះចៅអធិការ​វត្ត ឲ្យ​និមន្ត​ទៅ​មើល​ជម្ងឺ​ព្រះ​នាង​វរ​ភ័ក្ត្រ ម្តងទៀត ព្រោះ​មាន​អាពាធ ជា​ទម្ងន់​ជាង​មុន ។ ដូច​សព្វដង​ព្រះអង្គ​ក៏​និមន្ត​តាម​ក្រោយ ដោយ​ជិះ​លើ​ក្បាល​នេន​ធន់ ទុក​ឲ្យ​ពួក​អាមាត្យ ត្រឡប់​វិញ​ដោយ​ទូកក្តោង​កុង​ប្រាំបី យ៉ាង​ស្រពោន​ចិត្ត ។​
មកដល់​ព្រះបរមរាជវាំង​កាលណា លោកគ្រូ​ក៏​និមន្ត​ចូលគាល់​ព្រះរាជា ទុក​ក្រពើ​នេន​ធន់ នៅចាំ​នឹង​កំពង់​ក្រោម​ព្រះទីនាំង​ស្តេច ខាង​ក្រៅរបង​កំពង់ថ្ម ម្នាក់ឯង ។ ក្រោយពី​ព្យាបាល​ជម្ងឺ​ព្រះ​នាង​បាន ៧ ថ្ងៃ ព្រះគ្រូ​ក៏​ថ្វាយបង្គំ​លា​ព្រះមហាក្សត្រ ដើម្បី​ត្រឡប់មក​វត្ត​វិញ មួយណា​ទៀត​លោក​នឹក​ក្រពើ​នេន​ធន់​ណាស់ ។ មកដល់​មាត់ទន្លេ​មេគង្គ​កាលណា លោកគ្រូ​ក៏​ដោះ​ស្បង់​ជីវរ សង្ឃាដី ដាក់​លើ​ដំណាក់​ផែ ចុះ​ងូតទឹក ដោយ​ស្រែកហៅ​ក្រពើ​នេន​ធន់​ភ្លាម ។ ឮ​សំដី​ព្រះគ្រូ​ហៅរក​ភ្លាម ក្រពើ​នេន​ធន់ អរ​ណាស់ ក៏​ហែល​មករ​កមួយ​រំពេច ។​
ក្រោយពី​ព្យាបាល​ព្រះរោគ ព្រះ​នាង​វរ​ភ័ក្ត្រ​រួច ព្រះគ្រូ​ជា​ក៏បាន​សុគត​ទៅ ។ ក្រពើ​នេន​ធន​បាន​ខឹងសម្បារ និង​អស់សង្ឃឹម​យ៉ាងខ្លាំង ដូច្នេះ​ហើយក៏​ព្យាយាម​សងសឹក​ជូន​ព្រះគ្រូ​របស់ខ្លួន ដោយ​គ្រប់​មធ្យោបាយ​ទាំងអស់ ។​
ថ្ងៃមួយ ឆ្លៀតឱកាស​ដែល​ព្រះ​នាង​កំពុង​ចុះ​ស្រង់ទឹក​នៅ​កំពង់ ក្រពើ​នេះ​ក៏​លេប​ត្របាក់​ព្រះ​នាង​វរ​ភ័ក្ត្រ ចូលក្នុង​ពោះ​មួយ​រំពេច ហើយក៏​ជ្រមុជ​ចូលទៅក្នុង​ទឹក​បាត់ទៅ​តែម្តង ។
គូ​ស្វាមី​-​ភរិយា ខេត្តក្រចេះ ចូល​រូប​ព្រះ​នាង​វរ​ភ័ក្ត្រ ហៅ​ព្រះ​នាង​កន្ទោងខៀវ (២០០០) ដំណឹង​នេះ​បាន​លេចឮ​ដល់​ព្រះបរមរាជវាំង ។ ព្រះ​វ​រាជបិតា​របស់​ព្រះ​នាង គឺ​ព្រះបាទ​អង្គ​ច័ន្ទ​រាជា ទ្រង់​ក្រោធ​យ៉ាងខ្លាំង ហើយក៏​ត្រាស់បង្គាប់​ឲ្យ​ពល​រេ​ហ៍​ដេញ​ទៅ​ចាប់​ក្រពើ​នេន​ធន​ភ្លាម ដើម្បី​សងសឹក ។ មិនយូរប៉ុន្មាន នៅ​បន្ទាយលង្វែក​មានជ័យ​ពួក​ពល ក៏​ចាប់បាន​ក្រពើ​នេន​ធន​រួច​ហើយក៏​សម្លាប់ចោល ដោយ​ឥត​ញញើត ឬ​អាឡោះអាល័យ​សោះឡើយ ។ តែ​អនិច្ចា​នៅពេលដែល​វះ​ពោះ​ក្រពើ​ទៅ ព្រះ​នាង​វរ​ភ័ក្ត្រ​បាន​សុគត​បាត់ទៅហើយ​ដែរ ។
អនុលោម​តាម​ប្រពៃណី​នៃ​ព្រះពុទ្ធសាសនា ព្រះបាទ​អង្គ​ច័ន្ទ​ដែលជា​ព្រះវរបិតា​របស់​ព្រះ​នាង​វរ​ភ័ក្ត្រ ឬ​ព្រះ​នាង​ក្រពុំ​ឈូក​ក៏បាន​កសាង​ព្រះវិហារ​ធំ​មួយ ដែលមាន​សសរ​១០០ ព្រមទាំង​ព្រះ​ចេ​ត្យី​មួយ​យ៉ាង​ស្អាត​សម្រាប់​ផ្ទុក​ព្រះ​អដ្ឋិធាតុ​របស់​ព្រះរាជ​បុត្រី ទោះបីជា​ស្ថិត​ឆ្ងាយ​ពី​ព្រះបរមរាជវាំង​លង្វែក​មានជ័យ​ក៏ដោយ ។ ដូច្នេះ​ព្រះវិហារ​សសរ ១០០ បានចាប់កំណើត​ចេញពី​ពិធី​បុព្វ​ពលី ស្របតាម​ជំនឿ​ប្រពៃណី​អ្នកស្រុក និង​តាម​គន្លង​ធម៌​នៃ​លទ្ធិ​ព្រះពុទ្ធសាសនា ។​
ចំពោះ​វត្ត​ព្រះវិហារ​ធំ ឬ​វត្ត​សសរ ១០០ បើ​សាកសួរ​ពី​ប្រវត្តិ​នៃ​ព្រះពុទ្ធ​សាសន​ដ្ឋា​ន​នេះ យើង​ពិតជា​ចាប់អារម្មណ៍​ពី​លក្ខណៈពិសេស​ធំៗ​២​គឺ ភាព​ស័ក្តិសិទ្ធិ​នៃ​វត្ត​អារាម​នេះ ដែល​អ្នកស្រុក​ជឿថា​មាន​បារមី​ខ្លាំងពូកែ​សណ្ឋិត ចំនួន​យ៉ាងតិចណាស់​ក៏ ១០០ ដែរ ។ ការណ៍​ដែល​អ្នកស្រុក​ជឿ​ដូច្នោះ ក៏​ព្រោះតែ​គេ​ភ្ជាប់​បារមី​ដ៏​ខ្លាំងពូកែ​ទាំងនោះ ទៅនឹង​វិញ្ញាណ​ក្ខ័​ន្ត​ព្រះ​នាង​វរ​ភ័ក្ត្រ បុត្រី​របស់​ព្រះបាទ​អង្គ​ច័ន្ទ​រាជា ដែល​សាកសព​ត្រូវបាន​គេ​បញ្ចុះ​ក្នុង​ចេ​ត្យី​មួយ នៅក្បែរ​ព្រះវិហារ​នេះ ។ ម្យ៉ាងទៀត ពុទ្ធសាសនិក​ខ្មែរ​ក្នុង​ខេត្តក្រចេះ ដែល​ភាគច្រើន​ជា​អ្នក​ប្រពៃណីនិយម​ជឿថា ព្រះ​បារមី​ទាំង ១០០ នោះ គឺជា​ជើងកប​នៃ​សសរ​ទាំងនោះ នៅ​ថែរក្សា​ព្រះ​នាង​វរ​ភ័ក្ត្រ ឬ​ព្រះ​នាង​ក្រពុំ​ឈូក​ដែលជា​រាជបុត្រី​តរៀង​រហូតមក ។
ការយល់ឃើញ​ដូច្នោះ​បណ្តាលមកពី​មាន​តំណាល​មួយ​ថា ដើម្បី​ប្រមូល​នូវ​វត្ថុ​សក្តិ​សិទ្ធិ​ទាំងឡាយ ព្រះបាទ​ច័ន្ទ​រាជា​បានសម្លាប់​ស្ត្រី​ព្រហ្មចារី​ចំនួន​១០០ នាក់ ដោយ​យក​សាកសព​ទៅ​កប់​នៅត្រង់​បាត​សសរ​នីមួយៗ នៅពេលដែល​ព្រះអង្គ​ស្ថាបនា​វត្ត​វិហារ​ធំ​នេះ ។ នេះ​ជាហេតុ​នាំ​ឲ្យ​ពុទ្ធសាសនិក​រមែងតែងតែ​មក​បន់ស្រន់ សុំ​សេចក្តីសុខ សេចក្តី​សប្បាយ តាមរយៈ​ការចូល​រូប ។ មួយវិញទៀត​សោត ការចូល​រូប​ព្រះ​នាង​ក្រពុំ​ឈូក ឬ​វរ​ភ័ក្ត្រ ត្រូវបាន​អ្នកស្រុក ទទួលស្គាល់ថា​ពិតជា​សម្រេច​ផល ពេល​ដែលមាន​អាសន្ន ឬ​វិបត្តិ​អ្វីមួយ​មក​បៀតបៀន​ដល់​ដំណើរ​ជា​ប្រក្រតី នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ ។ ម្យ៉ាងវិញទៀត​គេ​ជឿថា គេ​ត្រូវ​ប្រារព្ធ​ពិធី​នេះ​យ៉ាងហោចណាស់​ក៏​១​ដង ក្នុង​មួយឆ្នាំ​ដែរ បើ​ពុំ​ដូច្នេះ​ទេ សិរី​មង្គល​នឹង​មិនអាច​កើតឡើង​សម្រាប់​ពួកគេ​ទេ ។ សូម​ជម្រាប​ហើយ​ថា អ្នក​ចូល​រូប​ដែល​តំណាង​ព្រះ​នាង​ក្រពុំ​ឈូក ត្រូវ​ស្លៀកពាក់​ពណ៌​ខៀវ​តាមរបៀប​ស្តេច ។​
ចំពោះ​ការ​ស្លៀកពាក់​ពណ៌​ខៀវ​ខាងលើនេះ សូម​រំលឹក​ផងដែរ​ថា ទង្វើ​នេះ​មាន​មូលហេតុ​របស់​វា​។ ដើម្បី​បញ្ចុះសព​របស់​ព្រះ​នាង​វរ​ភ័ក្ត្រ ព្រះបាទ​ច័ន្ទ​រាជា​បាន​បញ្ចុះ​ដោយ​ការ​បណ្តែត​អដ្ឋិធាតុ​របស់​ព្រះរាជ​បុត្រី តាមរយៈ​កន្ទោងខៀវ​មួយ​បណ្ដែត​តាមផ្លូវ​ទឹក ។ កន្ទោងខៀវ​ដែល​ព្រះអង្គ​បាន​បណ្តែត​នោះ ក្រោយពី​បាន​ឆ្លងកាត់​តំបន់​នានា​មួយចំនួន ក៏បាន​មក​ទើរ​ត្រង់​មាត់​ច្រាំងទន្លេ​នៅ​ភូមិ​សម្បូរ​ណ៍ ស្រុក​សម្បូរ​ណ៍ បច្ចុប្បន្ននេះ ដែល​ក្រោយមក​ក្លាយទៅជា​អនាគត​ទីតាំង​នៃ​វត្ត​សសរ ១០០ សព្វថ្ងៃនេះ ។ មានន័យថា សំដៅលើ​ការកសាង​កុសល ដើម្បី​ឲ្យ​ព្រលឹង​រាជបុត្រី​បាន​សោយសុខ ព្រះរាជា​អង្គ​ច័ន្ទ​រាជា ក៏បាន​ត្រាស់បង្គាប់​ឲ្យ​កសាង​ព្រះវិហារ​ខាងលើនេះ​ឡើង​នៅ​ទិសឥសាន ដែល​បែរមុខ​ទៅរក​ព្រះ​ចេ​ត្យី​របស់​ព្រះរាជ​បុត្រី៕

No comments:

Post a Comment