Wednesday, September 13, 2017

ព្រះបាទ​ជ័យវរ្ម័ន​ទី​៤

ព្រះបាទ​ជ័យវរ្ម័ន​ទី​៤​កសាង​រូបចម្លាក់​ពាលី និង​សុគ្រីព នៅ​ប្រាសាទ​ចិន​ក្នុង​តំបន់​កោះ​កេរ​ដើម្បី​បំភ្លឺ​ប្រវត្តិសាស្ត្រ​លុបលាង​ការយល់ច្រឡំ​
ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ត្រូវជា​ប្អូនថ្លៃ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន​។ នៅពេលដែល​បុត្រ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន ឡើង​សាយ​រាជ្យ ព្រះអង្គ​បាន​ភៀស​ព្រះកាយ​ទៅ​សាង​ទីក្រុង​មួយ​នៅ​កោះ​កេរ នៅ​ឆ្នាំ​៩២១ រហូតដល់​បុត្រា​ពីរ​អង្គ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន សោយរាជ្យ​នៅ​យ​សោធរ​បុ​រៈ​សោយ​ទីវ​ង្គ​ត​។​
ទើប​ព្រះបាទ​ជ័យ​វរ្ម័នទី​៤ ប្រកាស​ខ្លួន​ព្រះ​អង្គជា​ព្រះមហាក្សត្រ​។ ដោយមាន​រាជធានី​នៅ​កោះ​កេរ បាន​កសាង​ប្រាសាទ​ជាច្រើន និង​រួមមាន​រហាល ដែលជា​បារាយណ៍​ទឹក​ដ៏​ធំ​មួយ​ផងដែរ​។ អ្នកសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ បានចាត់ទុក​ព្រះអង្គ​ជា​ស្តេច​ជ្រែករាជ្យ តែមាន​ការសិក្សា​ថ្មីៗ​ទៀត​បង្ហាញថា​ព្រះអង្គ​ពិតជា​ជាប់​ខ្សែស្រឡាយ​រាជវង្ស ហើយ​មាន​សិទ្ធិ​ឡើង​សោយរាជ្យ​ដោយ​ស្របច្បាប់ មិនមែនជា​ស្តេច​ជ្រែក​រាជ​ឡើយ​។​
ប្រហែលជា​រូបភាព​របស់​ព្រះអង្គ​ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ​ក្នុងសម័យ​អង្គរ ក៏​មិន​ខុស​អ្វី​ពី​អ្នកសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​បច្ចុប្បន្ននេះ​ផងដែរ គឺថា​ព្រះ​អង្គជា​ក្សត្រ​ជ្រែករាជ្យ ដោយសារ​មូលហេតុ​នេះហើយ ដើម្បី​បង្ហាញ​អំពី​ភាពស្របច្បាប់ និង​ត្រឹមត្រូវ​ក្នុង​ការឡើង​សោយរាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​បាន​សាង​រូបសំណាក ចំបាប់​ពាលី និង​សុគ្រីព នៅ​ប្រាសាទ​ចិន ក្នុង​តំបន់​កោះ​កេរ ឈុត​នេះ​បង្ហាញថា​សុគ្រីព​ជា​តួអង្គ​ត្រឹមត្រូវ តែ​ត្រូវបាន​បងប្រុស​បង្កើត ដែលជា​ស្តេច​នគរ​ខាស់​ខិ​ន បណ្តេញ​ចេញពី​នគរ​ទាំង​អាម៉ាស់ ឲ្យ​ទៅ​រស់នៅ​ក្នុងព្រៃ​បណ្តាលមកពី​សុគ្រីព​យល់ច្រឡំ​បំបិទ​រូងភ្នំ នៅពេលដែល​ពាលី​វាយ​ឈ្នះ​ទូ​ភី​។ ដោយសារ​ភាពត្រឹមត្រូវ​របស់​សុគ្រីព ព្រះរាម​ដែលជា​អវតា​របស់​ព្រះ​វិស្ណុ​បានចេញ​មុខ​ជួយ​បាញ់សម្លាប់​ពាលី​ចោល ហើយ​លើក​សុគ្រីព​ឲ្យ​ឡើងជា​ស្តេច​នគរ​ខាស់​ខិ​ន ។​
ដូចគ្នានេះ រូបសំណាក​ជា​ក្រុម​ដ៏​ប្រណីត​មួយទៀត ដែល​ត្រូវបាន​តម្កល់​នៅ​ប្រាសាទ​កោះ​កេរ​នេះដែរ គឺ​ឈុត​ចំបាប់​ទុ​រ​យោ​ធន៍ និង​ភី​ម ដែល​រូបសំណាក​ទាំងនេះ​ត្រូវបាន​ឈ្មួញ​ទុច្ចរិត​លួច​យកទៅលក់​នៅ​បរទេស នៅក្នុង​ពេលដែល​ប្រទេស​ខ្មែរ​ស្ថិតនៅក្នុង​ភ្លើងសង្គ្រាម ហើយ​ទើបតែ​ត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ ឆ្លងកាត់​រឿងរ៉ាវ​ក្តីក្តាំ​មួយចំនួន​។ ឈុត​ចំបាប់​ទុ​រ​យោធ​ន៍ និង​ភី​ម​នេះ បង្ហាញ​ពី​តួអង្គ​ទុយោ​ធន៍ ត្រកូល​កុរ​វៈ ដែល​ឈ្នានីស នឹង​ត្រកូល​ប​ណ្ឌ​វៈ ត្រូវជា​បងប្អូន​ជីទួតមួយ ទុ​រ​យោធ​ន៍ ព្យាយាម​ចងកម្ម​ចងពារ​ព្យាធិ នឹង​ត្រកូល​ប​ណ្ឌ​វៈ​ជាច្រើនលើក​ច្រើនសារ មាន​ទាំង​ដុត​ដំណាក់​ក្រមួន​សម្លាប់ លេង​បាស្កា ភ្នាល់​នគរ និង​និរទេស​បណ្តេញ​ពួក​ប​ណ្ឌ​វៈ​ចេញពី​នគរ​ឲ្យ​ទៅ​នៅ​ក្នុងព្រៃ នៅពេល​ពួក​ប​ណ្ឌ​វៈ​ត្រឡប់មកវិញ សូម​ដី​តែ​ប្រាំ​ភូមិ ក៏​ទុ​រ​យោ​ធន៍​មិន​ព្រម ឈានទៅដល់​សង្គ្រាម​រវាង​បង​ប្អូនឯង​រយៈពេល ១៨​ថ្ងៃ ដែល​បានសម្លាប់​ខ្សែស្រឡាយ​នគរ​កុ​រុ​អស់យ៉ាង​ច្រើន ត្រកូល​ប​ណ្ឌ​វៈ​បាន​ជំនួយ​ពី​ព្រះ​ក្រឹ​ស្ណៈ​ដែលជា​អវតា​ព្រះ​វិស្ណុ រហូតដល់​មានជ័យ​ជម្នះ​លើ​ត្រកូល​កុរ​វៈ ហើយ​ទុ​រ​យោ​ធន៍​ខ្លួនឯងបានរ​ត់ទៅ​ពួន​នៅ​បាត​ស្រះ រហូតដល់​ពួក​ប​ណ្ឌ​វៈ​ហៅ​មក​ប្រកួត​មួយ​ទល់នឹង​មួយ​ជាមួយនឹង​ភី​ម ព្រះ​ក្រឹ​ស្ណៈ បាន​ប្រាប់​ឲ្យ​ភី​ម​កាប់​ភ្លៅ​របស់​ទុ​រ​យោធ​ន៍ ទើប​ទុ​រ​យោ​ធន៍​ស្លាប់ ។ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ទាំងស្រុង​លើ​ពួក​កុរ​វៈ ត្រកូល​ប​ណ្ឌ​វៈ​ក៏បាន​ឡើងជា​ក្សត្រ​គ្រប់គ្រង​នគរ​កុ​រុ​បន្ត​ពី​បុព្វបុរស ដោយមាន​យុ​ទ្ធិ​ស្ធិ​រៈ​ជា​កូនច្បង​គេ​នៃ​ត្រកូល​ប​ណ្ឌ​វៈ ជា​ព្រះមហាក្សត្រ ។ ព្រះបាទ​ជ័យវរ្ម័ន​ទី ៤ ប្រហែលជា​យក​ខ្លួន​ព្រះអង្គ​ទៅ​ប្រៀបធៀប​នឹង​ត្រកូល​ប​ណ្ឌ​វៈ​នេះហើយ ដែលមាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការឡើង​សោយរាជ្យ​នៅលើ​ចក្រភព​អង្គរ ។​
តាមរយៈ​ការបង្ហាញ​ខាងលើ យើង​សង្កេតឃើញថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ព្យាយាម​បង្ហាញ​ពី​ភាពត្រឹមត្រូវ ក្នុងការ​សោយរាជ្យ​របស់​ព្រះអង្គ​តាមរយៈ​រូបភាព​នៃ​ការប្រៀបធៀប​ខ្លួន​ព្រះអង្គ​ទៅនឹង​តួអង្គ​សុគ្រីព នៅក្នុង​រឿង​រាមកេរ្តិ៍ និង​ត្រកូល​ប​ណ្ឌ​វៈ នៅក្នុង​រឿង​មហាភារតៈ​យុទ្ធ ដែល​សុទ្ធសឹង​ជា​មហាកាព្យ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុងសង្គម​ខ្មែរ​សម័យ​មហានគរ​៕​

No comments:

Post a Comment