Monday, September 25, 2017

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ៖
នៅពេលយើងធ្វើដំណើរតាមផ្លូវពីអាងទឹកអូឡាំពិក ឆ្ពោះត្រង់ទៅកាន់ស្ទឹងមានជ័យ វិថីដែលយើងកំពុងធ្វើដំណើរនោះមានឈ្មោះថា វិថីព្រះមុនីរ៉េត ។ តែមានមនុស្សមិនច្រើនទេដែលដឹងថាព្រះមុនីរ៉េតជានរណា ។
ព្រះមុនីរ៉េតគឺជាបុត្រាច្បងរបស់ព្រះបាទមុនីវង្ស មាតាព្រះនាម នរោត្តម កាញ្ចនវិមាន នរល័ក្ខណទេវី ។ ទ្រង់ប្រសូតនៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ១៩០៩ ព្រះអង្គត្រូវជាឪពុកមា សាច់ខាងម្តាយរបស់ព្រះបាទនរោត្តមស៊ីហនុ ព្រះបរមរតនៈកោដ្ឋរបស់យើងនេះឯង ។ ព្រះមុនីរ៉េតគឺជាមនុស្សម្នាក់ដែលបានរៀនជ្រៅជ្រះ ទ្រង់បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅទីក្រុងនីសប្រទេសបារាំង ហើយបន្តការសិក្សានៅសាលាយោធាបារាំង ។ ទ្រង់បានត្រឡប់មកមាតុភូមិវិញក្នុងឆ្នាំ ១៩៣៤ ចូលបំរើជាអគ្គលេខាធិការ ព្រះបរមរាជវាំង ហើយបានបង្កើតក្រុមខេមរកាយរិទ្ធដំបូងនៅកម្ពុជា ក្នុងសម័យអាណានិគមន៏បារាំង ។ ក្នុងសង្រ្គាមលោកលើកទី២ ព្រះអង្គបានចូលបំរើកងទព័បារាំងមានឋានន្តរសក្តិ អនុសេនីយ៍ទោ ក្នុងកងអាកាសប្រទេសបារាំង ក្នុងឆ្នាំ១៩៣៩។ ព្រះមុនីរ៉េតជាបេក្ខភាពបំរុងសំរាប់ស្នងរាជ្យបន្តពីព្រះបីតាទ្រង់ព្រោះទ្រង់ជាបុត្រាច្បង ហើយមានចំណេះដឹងជ្រៅជ្រះ។ ប៉ុន្តែដោយព្រះអង្គមិនសូវចុះសម្រុងជាមួយរដ្ឋបាលបារាំងដែលដាក់អាណានិគមន៏ ពេលព្រះបីតាទ្រង់សោយព្រះទីវង្គត ទេសាភិបាលបារាំងក៏បានជ្រើសរើស ព្រះនរោត្តមស៊ីហនុដែលត្រូវជាក្មួយទ្រង់ មកសោយរាជ្យជំនួសវិញដែលខុសពីទម្លាប់ប្រពៃណី ខណៈដែលព្រះនរោត្តមស៊ីហនុនៅវ័យជំទង់ស្ថិតក្នុងការសិក្សានៅឡើយ។ ក្នុងសំណេររបស់ព្រះបាទនរោត្តមសីហនុក្នុងសៀវភៅ« អនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់» ទ្រង់បានរៀបរាប់ថា ទ្រង់គ្មានបំណងចង់សោយរាជ្យនោះឡើយ ហើយក៏បានប្រកែកជាមួយមាតាបីតាទ្រង់ តែត្រូវមាតាបីតាទ្រង់អង្វអោយទទួលយកតួនាទីនេះ។ ក្រោយបារាំងជ្រើសរើសព្រះនរោត្តមស៊ីហនុ អោយឡើងគ្រងរាជ្យមក ព្រះមុនីរ៉េតក៏បានទទួលតំណែងជានាយករដ្ឋមន្រ្តីនិង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ-ការពារជាតិ (១៩៤៥-១៩៤៦) និងជាប្រធានឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក (១៩៦០)។
ព្រះអង្គបានភៀសព្រះកាយនិងក្រុមគ្រួសារចូលទៅស្ថានទូតបារាំងដើម្បីសុំសិទ្ធជ្រកកោនពេលដែលខ្មែរក្រហមចូលកាន់កាប់រាជធានីភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥ ប៉ុន្តែត្រូវពួកខ្មែរក្រហមចាប់យកពីស្ថានទូតបារាំងដូចពលរដ្ឋខ្មែរដទៃយកទៅសម្លាប់នៅពេលជាមួយគ្នានោះ ។

(ប្រភព វីគីភេឌា )

No comments:

Post a Comment